(បែរឡាំង)៖ មូលដ្ឋានទ័ពអាកាសរបស់អង្គការណាតូ (NATO) ដែលស្ថិតនៅក្នុងទីក្រុង Geilenkirchen នៃប្រទេសអាល្លឺម៉ង់ បានដំឡើងកម្រិតការពារសន្តិសុខ ដោយផ្អែកលើព័ត៌មានសម្ងាត់ ដែលបង្ហាញពីការគំរាមកំហែងដ៏មានសក្តានុពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។
ដោយមិនបញ្ចេញព័ត៌មានលម្អិត សេចក្តីប្រកាសលើបណ្តាញ X របស់ NATO air base គ្រាន់តែបង្ហាញថា «បុគ្គលិកសំខាន់ៗដែលមិនជាប់បេសកកម្ម ត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ ជាផ្នែកមួយនៃវិធានការប្រុងប្រយ័ត្ន។សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពចម្បងរបស់យើង។ ប្រតិបត្តិការនៅតែបន្តតាមផែនការ»។ តាមអ្នកនាំពាក្យមួយរូបនៃមូលដ្ឋាននៅ Geilenkirchen កម្រិតនៃការគំរាមកំហែងត្រូវបានដំឡើង ដល់ការប្រកាសអាសន្នខ្ពស់បំផុតទីពីរគឺសំដៅដល់ «ឧប្បត្តិហេតុមួយបានកើតឡើង ឬព័ត៌មានសម្ងាត់បង្ហាញពីផែនការសកម្មភាពរបស់ភេរវករ ប្រឆាំងនឹងអង្គការ ឬបុគ្គលិកណាតូ ទំនងជាមានកម្រិតខ្ពស់»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មូលដ្ឋាននៅ Geilenkirchen ក៏បានរាយការណ៍ពីឧប្បត្តិហេតុប៉ុនប៉ងរំលោភបំពាន នាំឱ្យមានការចេញត្រួតពិនិត្យពាសពេញបរិវេណមូលដ្ឋាន។ នេះគឺលើកទីពីរហើយ ដែលមូលដ្ឋាននៃកងយន្តហោះស៉ើបការណ៍ AWACS របស់ណាតូមួយនេះ បានដំឡើងកម្រិតប្រកាសអាសន្នស្តីពីសន្តិសុខរបស់ខ្លួន បន្ទាប់ពីមូលដ្ឋានយោធាមួយទៀត នៅក្បែរទីក្រុង Cologne ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈអាជ្ញាធរត្រូវធ្វើការស៉ើបអង្កេត ទៅលើការបំផ្លិចបំផ្លាញចំពោះការផ្គត់ផ្គង់ទឹក៕