(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា បានចោទប្រកាន់អ៊ុយក្រែនថាកំពុងព្យាយាមវាយប្រហារលើរោងចក្រ ថាមពលនុយក្លេអ៊ែរក្នុងតំបន់ Kursk ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីតាំងដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយលុកក្នុងទឹកដីរុស្ស៉ី។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយអំឡុងកិច្ចប្រជុំរដ្ឋាភិបាលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ លោក ពូទីន បានលើកឡើងដូច្នេះថា «សត្រូវកំពុងព្យាយាមវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរនៅពេលយប់...ហើយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏ត្រូវបានជូនដំណឹង រួចហើយដែរ»។ លោក ពូទីនមិនបានបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងរបស់លោកទេ ហើយក៏មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអ្វីពាក់ព័ន្ធនឹងការចោទ នេះនោះដែរ។
ចំណែកឯ IAEA វិញ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយនិយាយថាខ្លួនទទួលបានដំណឹងពីទីក្រុងមូស្គូថាមានបំណែកដ្រូនជាច្រើនត្រូវបានប្រទះឃើញ នៅចម្ងាយ១០០ម៉ែត្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Kursk។ IAEA បន្ថែមថាប្រមុខរបស់ខ្លួនគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់រោងចក្រនុយក្លេអ៊ែរ ក្នុងតំបន់ Kursk នៅសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា ការវាយលុករបស់អ៊ុយក្រែនក្នុងតំបន់ Kursk របស់រុស្ស៉ីបានចូលដល់សប្ដាហ៍ទី៣ហើយ ដោយទីក្រុងកៀវអះអាងថាកងកម្លាំងរបស់ខ្លួន វាយដណ្ដើម បានទីតាំងរាប់សិបកន្លែង នៅលើទឹកដីរុស្ស៉ី។ តាមក្រុមអ្នកវិភាគ ការវាយលុករបស់អ៊ុយក្រែន មានគោលដៅបង្ខំឱ្យរុស្ស៉ីដកកងកម្លាំងចេញពីតំបន់ភាគខាងកើត អ៊ុយក្រែន មកប្រយុទ្ធក្នុងតំបន់ Kursk វិញ។ ប៉ុន្តែ ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាកងកម្លាំងរុស្ស៉ីនៅតែបន្តវាយរុលទៅមុខក្នុងតំបន់ ភាគខាងកើតអ៊ុយក្រែន៕