(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានចាប់ខ្លួនបុរសម្នាក់រស់នៅក្នុងរដ្ឋ Arizona កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា បន្ទាប់ពីរូបគេបានគំរាមនៅលើ បណ្ដាញទំនាក់ទំនងសង្គមថានឹងសម្លាប់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Hill។
ការិយាល័យប៉ូលិស Cochise County Sheriff បានឱ្យដឹងថាបុរសម្នាក់មានឈ្មោះថា Ronald Lee Syvrud មានអាយុ៦៦ឆ្នាំក៏មានដីកាចាប់ខ្លួនជាច្រើន មកពី រដ្ឋ Wisconsin ផងដែរ។ ព័ត៌មានពីការចាប់ខ្លួនបុរសរូបនេះ កើតឡើងចំពេលលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ ធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអាមេរិកជាប់ជាមួយម៉ិកស៉ិក ជាផ្នែកមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីថ្ងៃព្រហស្បតិ៍។
នៅពេលត្រូវបានសាកសួរអំពីការគំរាមកំហែងប្រឆាំងនឹងរូបលោក ក្នុងរដ្ឋ Arizona លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ទេ ខ្ញុំមិនបានដឹងពីរឿងនេះទេ ប៉ុន្តែខ្ញុំ ក៏មិនភ្ញាក់ផ្អើលអ្វីនោះដែរ ហើយហេតុផលនោះគឺដោយសារខ្ញុំចង់ធ្វើរឿងអាក្រក់ ដាក់ពួកមនុស្សអាក្រក់»។
គួរបញ្ជាក់ថា នេះជាការគំរាមកំហែងចុងក្រោយបំផុតមួយប្រឆាំងបេក្ខជនប្រធានាធិបតី នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា។ កាលពី ដើមខែសីហានេះ បុរសម្នាក់ក្នុងរដ្ឋ Virginia ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងអនុប្រធានាធិបតី លោកស្រី Kamala Harris ខណៈបុរសម្នាក់ទៀត ក្នុងរដ្ឋ New Hampshire ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២៣ ពីបទគំរាមសម្លាប់លោក ដូណាល់ ត្រំា។ ចំណែក កាលពីខែកក្កដាវិញ លោក ត្រាំ ត្រូវបានគេបាញ់ ប្រហាររងរបួសស្រាលត្រូវចំស្លឹកត្រចៀក ក្នុងនៅក្នុងប៉ុនប៉ុនធ្វើឃាតមិនបានសម្រេចមួយអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕