(ភ្នំពេញ)៖ កងកម្លាំងរុស្ស៊ី បាននិយាយថា គេបានដណ្តើមកាន់កាប់ទីក្រុងតូចមួយនាភាគខាងកើតអ៊ុយក្រែនឈ្មោះ Niu-York ដែលជាផ្នែកមួយនៃការវាយជំរុលទៅមុខរបស់ខ្លួនទៅកាន់ក្រុងនានាដដទៃទៀតនៅក្នុងខេត្ត Donetsk ។
គួរបញ្ជាក់ថារុស្ស៊ី បានប្រកាសកាត់យកដីខេត្ត Donetsk ជាតំបន់រណបគ្រប់គ្រងរបស់ខ្លួន តាំងពីចុងខែកញ្ញាឆ្នាំ២០២២ បើទោះបីជាទឹកដី ខេត្តទាំងមូលនោះនៅមិនទាន់បានគ្រប់គ្រងទាំងស្រុងអស់ក៏ដោយ។
កងកម្លាំងយោធាអ៊ុយក្រែន នៅមិនទាន់បានបញ្ជាក់អំពីការបាត់បង់ក្រុង Niu-York ដែលរុស្ស៊ី ចូលគ្រប់គ្រងកាលពីថ្ងៃទី២១ ខែសីហានោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារនៅក្បែរទីក្រុងនោះ និងនៅកន្លែងដទៃទៀត។ អ៊ុយក្រែន បាននិយាយមុននេះថា ការវាយប្រហាររបស់រុស្ស៊ីប៉ុនប៉ងកាន់កាប់ក្រុង នីវយ៉ក នោះ បានទទួលការតបតទៅវិញយ៉ាងសក្តិសម និងថាការប្រយុទ្ធនៅតែបន្ត។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងតែមួយផ្នែកតួចនៃក្រុង Niu-York នេះក៏ជានិមិត្តរូបមួយដែលបង្ហាញនូវជំហានវាយលុកមួយទៀតរបស់រុស្ស៊ី ឆ្ពោះសម្តៅរកការកាន់កាប់ក្រុង Toretsk និងក្រុង Pokrovsk ។
សេចក្តីរាយការណ៍បង្ហាញថា តាមពិតការបើកយុទ្ធនាការថ្មើរជើងរបស់អ៊ុយក្រែន វាយលុកលើទឹក ដីខេត្ត Kursk របស់រុស្ស៊ីនោះ គឺជាគោលដៅចង់បង្វែរឱ្យរុស្ស៊ី ដកកងកម្លាំងរបស់ខ្លួនចេញពីការប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែននោះ ដើម្បីយកមកទប់ទល់នឹងការវាយលុករបស់ អ៊ុយក្រែន នៅក្នុងខេត្ត Kursk របស់រុស្ស៊ីនេះ ប៉ុន្តែរុស្ស៊ី ហាក់ដូចជាដឹងនូវយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់អ៊ុយក្រែននោះ។ រុស្ស៊ី មិនបានដកកងកម្លាំងរបស់ខ្លួនចេញពីសមរភូមិនោះឡើយ បើទោះបីជាអ៊ុយក្រែន បានប្រើសម្តីចាក់ចុចថារុស្ស៊ីគ្មានសមត្ថភាពនឹងការពារទឹកដីក្នុងខេត្ត Kursk របស់ខ្លួននោះក៏ដោយ។
ព័ត៌មានបញ្ជាក់ការបាត់បង់ក្រុង Niu-York នាពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែន ឡើយ ខណៈការវាយប្រហារថ្មើរជើងលុកលុយរបស់ អ៊ុយក្រែន ក្នុងទឹកដីខេត្តរុស្ស៊ីចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែសីហាមកនោះ នៅតែបន្តជាដដែល។ អគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានចូលគ្រប់គ្រងភូមិ និងតំបន់ទីប្រជុំជនរបស់រុស្ស៊ី មានចំនួន ៩៣កន្លែងហើយរហូតមកទល់នឹងពេលនេះ។
ប្រធានាធិបតី Volodymyr Zelensky បានពណ៌នាជុំវិញស្ថានការណ៍នៅភាគខាងកើតថាមានភាពលំបាក ប៉ុន្តែលោកបាននិយាយថា កងទ័ពអ៊ុយក្រែន កំពុងធ្វើកិច្ចការឱ្យអស់ពីសមត្ថភាពដើម្បីបំផ្លាញកងកម្លាំងរុស្ស៊ី។ លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានថ្លែងក្នុងសន្និសីទកាសែតថា រុស្ស៊ីកំពុងបញ្ជូនទាហានបន្ថែមរបស់ខ្លួន ទៅកាន់សមរភូមិមុខនៅភាគខាងកើតអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រតិបត្តិការដ៏សកម្មដោយអង្គភាពនៃក្រុមប្រដាប់អាវុធរុស្ស៊ី បានវាយបំបាក់កងទ័ពអ៊ុយក្រែន នៅក្នុងក្រុង Niu-York ដោយរុស្ស៊ី ហើយថែមទាំងដូរឈ្មោះក្រុងនោះទៅជាក្រុងឈ្មោះ នៅហ្គោរ៉ដស្កូយ៉េ Novgorodskoye ថែមទៀត។ អ្នកសរសេរប្លុកយោធារុស្ស៊ី បានចែករំលែកវីដេអូកាលពីល្ងាចថ្ងៃចន្ទ នូវទង់ជាតិរុស្ស៊ី បង្ហោះនៅលើដំបូលសាលារៀនមួយក្នុងទីក្រុង Niu-York នេះ ជាមួយនឹងទង់ជាតិអ៊ុយក្រែន ត្រូវគេឃើញដេកនៅលើដី។
ក្រុង Niu-York គឺជាក្រុងស្ថិតនៅភាគខាងត្បូងនៃទីក្រុង Toretsk ដែលសម្បូររ៉ែនៅក្រោមដី។ កងកម្លាំងរុស្ស៊ី កាលពីថ្ងៃចន្ទសប្តាហ៍នេះទៀត នៅបាននិយាយថាគេបានដណ្តើមយកភូមិ ហ្សាលីស្នី Zalizne នាភាគអាគ្នេយ៍ក្រុង Toretsk បានថែមទៀតផងដែរ ។ ខណៈការអះអាងវាយដណ្តើមយកភូមិអ៊ុយក្រែន បានជាបន្តបន្ទាប់មកនេះ ទឹកដីរបស់រុស្ស៊ី ក្នុងតំបន់ Kursk ក៏ត្រូវបានអ៊ុយក្រែន អះអាងការចូលគ្រប់គ្រងបានថែមទៀតជាបន្តបន្ទាប់។
មេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយថា ការវាយលុកនៅតំបន់ Kursk នាពេលនេះបានចូលជ្រៅ ទៅដល់ចម្ងាយពី២៨ ទៅ ៣៥គីឡូម៉ែត្រ ជាមួយនឹងទំហំទឹកដី១,២៦៣ គីឡូម៉ែត្រក្រឡាហើយ ខណៈខេត្ត Kursk របស់រុស្ស៊ី មានទំហំផ្ទៃដីសារុប ២៩,៨០០គីឡូម៉ែត្រក្រឡាឯនោះ ។
នៅជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អង់ដ្រេ បេលូសូវ Andrei Belousov បាននិយាយថា គេបានបង្កើតនូវក្រុមយោធាថ្មីចំនួនបី ដើម្បីទប់ទល់ នឹងប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែនចំនួនបី គឺនៅខេត្ត Kursk ខេត្ត Belgorod និងខេត្ត Bryansk ។ សេចក្តីរាយការណ៍BBC បានបង្ហាញនូវភាពមិនយកចិត្តទុកដាក់ខ្លាំងរបស់រុស្ស៊ី លើកងកម្លាំងអ៊ុយក្រែនឡើយ បើទោះបីជាអ៊ុយក្រែនអះអាងនូវជោគជ័យក្នុងប្រតិបត្តិការវាយលុកនៅក្នុងតំបន់ Kursk នោះក៏ដោយ។
មេបញ្ជាការនៃអង្គភាពកងកម្លាំងពិសេស Akhmat របស់រដ្ឋ Chechen លោកឧត្តមសេនីយ អាប់ទី អាឡូវឌីណូវ Apti Alaudinov បានប្រាប់ទូរទស្សន៍រុស្ស៊ីថា យោធាអ៊ុយក្រែន បានរងការខាតបង់ធ្ងន់ធ្ងរ ក្នុងការវាយប្រហារលុកលុយក្នុងខេត្ត Kursk បើទោះបីជាសេចក្តីរាយការណ៍បង្ហាញនូវអសមត្ថភាពរបស់កងកម្លាំងរុស្ស៊ីមិនអាចការពារទឹកដីរបស់ខ្លួនបាន ជាមួយនឹងការចាប់ខ្លួនទាហានខ្លះជាឈ្លើយសឹកថែមទៀតនោះ។
ឆ្លើយតបនឹងសំណួរមួយដែលចង់ដឹងជុំវិញការបង់ខាតស្ពានចំនួនបីដែលអ៊ុយក្រែន បានបំផ្លាញនៅក្នុងខេត្ត Kursk នោះ ឧត្តមសេនីយ អាប់ទី អា ឡូវឌីណូវ បាននិយាយមកវិញថា៖ «ការពិតនោះ គឺថា ស្ពានខ្លះដែលត្រូវបានបំផ្លាញ គឺវាគ្មានន័យអ្វីនោះឡើយ»៕