(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែសីហា បានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាលើកដំបូងបំផុត ដែលនាយករដ្ឋមន្ត្រីឥណ្ឌាម្នាក់ធ្វើដំណើរទៅកាន់អ៊ុយក្រែន គិតចាប់តាំងពី ប្រទេសទាំង២បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាក្នុងឆ្នាំ១៩៩២មក។ ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ក៏កើតមានឡើងផងដែរ បន្ទាប់ពីជំនួបរបស់លោក កាលពីខែកក្កដាកន្លងទៅ ជាមួយ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីលោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ កាលពីខែមិថុនា។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក បានរិះគន់ទស្សនកិច្ចរបស់លោក ម៉ូឌី នៅមូស្គូ ដែលបានកើតឡើងគាប់ជួនមានសេចក្ដីរាយការណ៍នៅពេលនោះពីការវាយប្រហារដ៏ប្រល័យមួយ របស់រុស្ស៉ី ត្រូវចំមន្ទីរពេទ្យកុមារ ក្នុងទីក្រុងកៀវ។ ដូច្នេះតើហេតុអ្វីបានជាលោក ម៉ូឌី ធ្វើទស្សនកិច្ចទៅអ៊ុយក្រែន? អំឡុងជំនួបជាមួយលោក ពូទីន កាលពីខែកក្កដា នៅឯទីក្រុងមូស្គូ លោក ម៉ូឌី បានហៅ «រុស្ស៉ីថាជាមិត្តគ្រប់កាលៈទេសៈរបស់ឥណ្ឌា» និងបានឯកភាពគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី។ ការណ៍នេះបានធ្វើឱ្យមានការខឹងសម្បារនៅក្នុងប្រទេសអ៊ុយក្រែន និងបង្កើនការយកចិត្ត ទុកដាក់រ​បស់លោកខាងលិច ក្នុងការឃ្លាំមើលការបន្តធ្វើកិច្ចសហប្រតិបត្តិការរបស់ទីក្រុងញូវដេលីជាមួយទីក្រុងមូស្គូ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន និងការបដិសេធថ្កោលទោសរុស្ស៉ីជុំវិញការឈ្លានពាន អ៊ុយក្រែន។

ទោះជាមានសម្ពាធពីលោកខាងលិចក៏ដោយ ក៏ឥណ្ឌានៅតែបដិសេធថ្កោលទោសរុស្ស៉ី។ តែបានបង្ហាញការគាំទ្រដល់ដំណោះស្រាយការទូតដើម្បីបញ្ចប់សង្រ្គាម។ ឥណ្ឌាក៏បានបំផ្លាញកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្ម របស់លោកខាងលិចប្រឆាំងនឹងរុស្ស៉ីផងដែរ តាមរយៈការបន្តបង្កើនការទិញប្រេង និងឧស្ម័នពីរុស្ស៉ី។ ម្លោះហើយដើម្បីដោះស្រាយភាពរកាំរកូសនេះ លោក ម៉ូឌី នឹងប្រើប្រាស់ទស្សនកិច្ចរបស់លោកនៅអ៊ុយក្រែន ដើម្បីបន្សាបកំហឹងរបស់លោកខាងលិច ជាមួយការបញ្ជូនសារថាឥណ្ឌានៅតែមានការប្ដេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងជាមួយទីក្រុងកៀវ។ ក្រុមអ្នកជំនាញជឿថាកិច្ចពិភាក្សាអំឡុងដំណើរទស្សនកិច្ចរបស់ លោក ម៉ូឌី នឹងផ្ដោតជាសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយអាចឈានដល់ការស្ដារឡើងវិញនូវការធ្វើពាណិជ្ជកម្មរវាងឥណ្ឌា និងអ៊ុយក្រែន ដែលបានធ្លាក់ចុះពី ៣.៣៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ មកនៅ ២.៥៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ជាឆ្នាំដែលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។

ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានបង្ហើបឱ្យដឹងរួចហើយដែរថាកិច្ចពិភាក្សារវាងលោក ម៉ូឌី និងលោក ហ្សេលេនស្គី នឹងគ្របដណ្ដប់លើវិស័យកសិកម្ម សេដ្ឋកិច្ច ការពារជាតិ វេជ្ជសាស្ត្រ ក៏ដូចជាទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដោយទីក្រុងកៀវ និងទីក្រុងញូវដេលីត្រូវបានរំពឹងថានឹងចុះហត្ថលេខាងលើកិច្ចព្រមព្រៀងជាច្រើន។ ឥណ្ឌា ត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលស័ក្តសមធ្វើជាអ្នកសម្របសម្រួល ស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន។ ការយល់ឃើញបែបនេះគឺផ្អែកលើទំនាក់ទំនងល្អរបស់ឥណ្ឌាជាមួយរុស្ស៉ីផង និងជាមួយបណ្ដាប្រទេស Global South សំខាន់ៗផង។ មិនតែប៉ុណ្ណោះ ការរក្សាតុល្យភាពទំនាក់ទំនងរបស់លោក ម៉ូឌី ទាំងជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី កាន់តែធ្វើឱ្យនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះមានសក្តានុពលធ្វើជា អ្នកសម្របសម្រួល ខណៈអ៊ុយក្រែនសង្ឃឹមថាការពង្រឹងទំនាក់ទំនងស៊ីជម្រៅរបស់រុស្ស៉ីជាមួយចិន អាចនឹងរុញឱ្យឥណ្ឌាកាន់តែស្និទ្ធជាមួយទីក្រុងកៀវ និងលោកខាងលិច។

ក៏ប៉ុន្តែ ខណៈចង់ឱ្យសង្រ្គាមបិទបញ្ចប់ទៅឱ្យស្របទៅនឹងផលប្រយោជន៍របស់ឥណ្ឌាផងនោះ ជាពិសេសដោយសារតែផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មលោកខាងលិចទៅលើទំនាក់ទំនងពាណិជ្ជកម្ម រវាងឥណ្ឌា និងរុស្ស៉ី ឥណ្ឌាជាធម្មតាតែងតែចៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះសកល។ ទីក្រុងញូវដេលីក៏ទំនងជានឹងមិនដើរចេញ ឬបោះបង់ចោលការដើរជំហានមួយនេះដោយងាកទៅធ្វើ ជាអ្នកសម្របសម្រួលដោយផ្ទាល់ក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ ឥណ្ឌាអាចនឹងព្យាយាមធ្វើការសម្របសម្រួលដោយប្រយោលឱ្យមានការទំនាក់ទំនងរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងលើកទឹកចិត្តដល់កិច្ចសន្ទនា និងការទូត។ ឥណ្ឌា ក៏អាចជួយដល់កិច្ចចរចាមួយចំនួនជាមួយរុស្ស៉ីផងដែរ ក្នុងនោះរួមមានដូចជាការធ្វើមាតុភូមិនិវត្តកុមារអ៊ុយក្រែន និងឈ្លើយសឹកទៅប្រទេស កំណើតរបស់ពួកគេវិញ។ បន្ថែមពីលើនេះ ទីក្រុងញូវដេលីថែមទាំងអាចផ្ដល់សម្បទានពាណិជ្ជកម្ម ឬការអនុគ្រោះខាងពាណិជ្ជកម្មសម្រាប់អ៊ុយក្រែន ក្នុងវិស័យមួយចំនួនទៀតផង។ ប៉ុន្តែទោះជាមាន ការដាក់សម្ពាធពីលោកខាងលិចក៏ដោយ ក៏ឥណ្ឌាប្រហែលជានឹងមិនបញ្ឈប់ ឬកាត់បន្ថយការទិញប្រេង និងឧស្ម័ននោះទេ ខណៈលោក ម៉ូឌី កំពុងផ្តោតជាអាទិភាពលើការពារ និងស្វែងរកផលប្រយោជន៍ឱ្យឥណ្ឌា៕