(បាងកក)៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងផ្តល់ថវិកាដ៏មហិមារបស់គណបក្សភឿថៃ ដែលមានតម្លៃរហូតដល់ ១៤.៥ពាន់លានដុល្លារ ដោយបានអះអាងថា គម្រោងនេះ ដែលផ្តោតលើការផ្តល់ប្រាក់ ១០,០០០ បាត (ប្រហែល ២៩០ ដុល្លារ) ដល់ប្រជាជនថៃប្រមាណ ៥០លាននាក់ តាមរយៈកាបូបឌីជីថល គឺជាចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ ដែលកំពុងស្ថិតក្នុងស្ថានភាពយឺតយ៉ាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរាជធានីបាងកកនៅថ្ងៃព្រសហ្បតិ៍នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងនេះនឹងជួយ «ជំរុញសេដ្ឋកិច្ច» និង «ផ្តល់ភាពច្បាស់លាស់បន្ថែមទៀត» ដល់ស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន។ ទោះបីជាគម្រោងនេះត្រូវបានរិះគន់ពីសំណាក់អ្នកជំនាញ និងធនាគារកណ្តាលថៃ ដោយសារការព្រួយបារម្ភអំពីបំណុលគ្រួសារដែលកំពុងកើនឡើងក៏ដោយ ក៏លោក ថាក់ស៊ីន នៅតែបន្តជឿជាក់លើសក្តានុពលរបស់វា។
លើសពីនេះ លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលបំផុតរូបនេះ ក៏បានលើកឡើងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលគួរតែត្រូវយកមកពិចារណា។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការជំរុញវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋាន។
លោក ថាក់ស៊ីន ក៏បានបង្ហាញការព្រួយបារម្ភអំពីការប្រកួតប្រជែងពីផលិតផលនាំចូលពីប្រទេសចិន ដែលមានតម្លៃទាបជាង។ លោកបានស្នើឱ្យមានវិធានការការពារនិយម «ក្នុងកម្រិតតូច» ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។ លើសពីនេះ លោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល ដើម្បីធានាថាគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដំណើរការទៅក្នុងទិសដៅតែមួយ។
ជាចុងក្រោយ លោក ថាក់ស៊ីន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហាបំណុលគ្រួសារដ៏ធំរបស់ប្រទេសថៃ តាមរយៈការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងធានាថាអាជីវកម្មខ្នាតតូចអាចទទួលបានប្រាក់កម្ចីគ្រប់គ្រាន់៕