(បាងកក)៖ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ករណីជំងឺអុតស្វាដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាមេរោគប្រភេទ Clade 1b ដែលជាករណីទី២ ដែលត្រូវបានបញ្ជាក់នៃមេរោគប្រភេទនេះនៅក្រៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ករណីនេះគឺជាបុរសជនជាតិអឺរ៉ុបអាយុ ៦៦ឆ្នាំ ដែលបានមកដល់ប្រទេសថៃកាលពីសប្តាហ៍មុន មកពីប្រទេសមួយនៅទ្វីបអាហ្វ្រិកដែលមិនបានបញ្ជាក់ ជាកន្លែងដែលជំងឺនេះកំពុងរាតត្បាត។

លោក Thongchai Keeratihattayakorn អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ បានប្រាប់ Reuters ថា «លទ្ធផលតេស្តបញ្ជាក់ថា គាត់បានឆ្លងមេរោគអុតស្វាប្រភេទ Clade 1b ដែលជាករណីដំបូងដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសថៃ ប៉ុន្តែបុរសម្នាក់នេះទំនងជាឆ្លងមេរោគនេះពីប្រទេសដែលមានជំងឺរាតត្បាត»។

លោកបាននិយាយថា មិនមានការឆ្លងក្នុងស្រុកផ្សេងទៀតត្រូវបានរកឃើញតាមរយៈការតាមដានទំនាក់ទំនងនោះទេ។

មេរោគប្រភេទ Clade 1b បានបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោក ដោយសារតែភាពងាយស្រួលនៃការរាលដាលរបស់វា តាមរយៈការប៉ះពាល់ជិតស្និទ្ធជាប្រចាំ។ ករណីនៃមេរោគប្រភេទនេះត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន នៅក្នុងប្រទេសស៊ុយអែត និងត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៃជំងឺនៅទ្វីបអាហ្វ្រិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅក្រៅទ្វីបនេះ។

អង្គការសុខភាពពិភពលោកបានប្រកាសថា ការផ្ទុះឡើងនៃជំងឺនេះថ្មីៗនេះ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលមានការព្រួយបារម្ភជាអន្តរជាតិ បន្ទាប់ពីមេរោគប្រភេទថ្មីនេះត្រូវបានកំណត់អត្តសញ្ញាណ។

កាលពីថ្ងៃពុធ ថៃបាននិយាយថាបុរសដែលត្រូវបានបញ្ជាក់ថាមានជំងឺអុតស្វា បានឆ្លងកាត់ប្រទេសមួយនៅមជ្ឈិមបូព៌ា ដែលគាត់ក៏មិនបានបញ្ជាក់ឈ្មោះដែរ មុនពេលហោះទៅប្រទេសថៃ។

ប្រទេសថៃបានរកឃើញករណីជំងឺអុតស្វាប្រភេទ Clade 2 ចំនួន ៨០០ករណីចាប់តាំងពីឆ្នាំ ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានរកឃើញករណីនៃមេរោគប្រភេទ Clade 1 ឬ Clade 1b នៅឡើយទេ៕