(ហ្កាហ្សា)៖ កងកម្លាំងអ៉ីស្រាអែល បានរុលចូលកាន់តែជ្រៅទៅកាន់ទីតាំងនានានៃភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សា ហើយប្រយុទ្ធជាមួយក្រុមហាម៉ាស ខណៈក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ការវាយលុកនោះ បណ្តាលឱ្យមនុស្សចំនួន ២២នាក់ស្លាប់នៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤។

ក្រុមគ្រូពេទ្យនិយាយថា នៅឯសង្កាត់ Beit Lahiya ភាគខាងជើងហ្កាហ្សា ការវាយប្រហារលើផ្ទះមួយខ្នងបានសម្លាប់មនុស្ស ១១នាក់ ខណៈដែលការវាយប្រហារមួយទៀតសម្លាប់មនុស្ស ៦នាក់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់។ រីឯផ្ទះមួយខ្នងក្នុងជំរំ Al-Maghazi ភាគកណ្តាលតំបន់ហ្កាហ្សា គ្រូពេទ្យនិយាយថា មនុស្ស ៥នាក់ត្រូវបានសម្លាប់​ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូង។

យោធាអ៉ីស្រាអែល បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបង្កើនប្រតិបត្តិការលើទីក្រុង Deir Al-Balah ភាគកណ្តាល ទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបានបំផ្លាញរចនាសម្ព័ន្ធយោធារាប់សិបកន្លែង និងសម្លាប់ក្រុមសកម្មប្រយុទ្ធ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ ប៉ុន្មានថ្ងៃកន្លងមក កងកម្លាំងអ៉ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៥០នាក់នៅក្នុងទីក្រុង Rafah។

គួរបញ្ជាក់ថា Deir Al-Balah ជាទីក្រុងនៅភាគកណ្តាលនៃតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅប្រហែល ១លាននាក់ រួមទាំងអ្នកស្រុក និងអ្នកជម្លៀសខ្លួន។ ការប្រយុទ្ធគ្នាកាន់តែខ្លាំងនេះ បានកើតមានឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន ដាក់សម្ពាធលើលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជុំវិញភាពបន្ទាន់នៃការសម្រចបាន កិច្ចព្រមព្រៀង សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង៕