(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ នាវាចម្បាំងអាមេរិក១គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើប ខណ្ឌចែកកោះតៃវ៉ាន់ ពីចិនដីគោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។
យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការចល័តនាវាចម្បាំង USS Ralph Johnson ឱ្យបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញឱ្យឃើញពី ការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការប្រកាន់ខ្ជាប់ថា សេរីភាពនៃការធ្វើដំណើនៅតាមលំហសមុទ្រ សម្រាប់ប្រជាជាតិទាំងអស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ។ រីឯយោធាចិន បាននិយាយថា កងកម្លាំងរបស់ខ្លួន បានតាមដាននិងព្រមាន នាវាចម្បាំងខាងលើរបស់អាមេរិក។
គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមយុត្តាធិការរបស់ចិន ផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងកោះតៃវ៉ាន់ បានអះអាងថា ច្រកសមុទ្រនេះ គឺជាច្រកផ្លូវទឹកអន្តរជាតិ។ កាលពីខែកក្កដាកន្លងទៅ នាវាចម្បាំង១គ្រឿងរបស់ប្រទេសកាណាដា បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាសកម្មភាពមួយ ដែលត្រូវបានថ្កោលទោសដោយយោធាចិន៕