(ប៉េកាំង)៖ នៅថ្ងៃទី ២០ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរថា៖ទាក់ទិននឹងករណីនាវាហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិនបាបុកគ្នាកាលពីម្សិលមិញ សហរដ្ឋអាមេរិកបានថ្កោលទោស ចំពោះទង្វើរបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបានរំលឹកឡើងវិញនូវការគាំទ្រចំពោះប្រទេសហ្វីលីពីន។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោកស្រី Mao Ning បានលើកឡើងថា ការពិតនៃរឿងនេះគឺ ភាគីហ្វីលីពីនបានរំលោភសិទ្ធិ និងបង្ករឿងហេតុចំពោះ ប្រទេសចិនជាមុន បន្ទាប់មកទើបភាគីចិនចាត់វិធានការគាំពារសិទ្ធិ និងផលប្រយោជន៍តាមផ្លូវច្បាប់ ក្នុងគោលបំណងគាំពារ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ សហរដ្ឋអាមេរិកមិនមែន ជាភាគីពាក់ព័ន្ធនឹង បញ្ហាសមុទ្រចិនខាងត្បូងទេ គឺគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិន និងហ្វីលីពីននោះឡើយ ។ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការញុះញង់ ឱ្យមានការប្រឈមដាក់គ្នានៅសមុទ្រចិនខាងត្បូង ហើយកុំបំផ្លាញស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យមានសភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀត។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែដោះស្រាយ ជម្លោះដែនសមុទ្ររវាងចិននិងហ្វីលីពីន ដោយសមរម្យតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា។ រំពឹងថា ភាគីហ្វីលីពីនអាចគោរពតាមពាក្យសន្យារបស់ខ្លួន គោរពយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួម និងការរៀបចំចាត់ចែង ដែលបានឈានដល់ជាមួយភាគីចិន កុំធ្វើសកម្មភាពណាដែលបណ្តាលឱ្យស្ថានការណ៍ នៅដែនសមុទ្រមានភាពកាន់តែស្មុគស្មាញ និងរួមសហការជាមួយភាគីចិនដើម្បីគ្រប់គ្រង ស្ថានការណ៍នៅដែនសមុទ្រឱ្យបានលុ្អ៕
វិទ្យុមិត្តភាពកម្ពុជាចិន