(វ៉ាស៉ីនតោន)៖ នៅដើមខែនេះ ប៉ូលិស FBI បានចុះឆែកឆេរផ្ទះពលរដ្ឋអាមេរិក ២នាក់ដែលខ្លួនជឿថាមានទំនាក់ទំនង ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៉ី រួមមានអតីតមន្រ្តីអង្គការសហប្រជាជាតិ (UN) ក៏ដូចជាអតីតទីប្រឹក្សារបស់លោក Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤។
ចំណាត់ការនេះធ្វើឡើង តាមការព្រមានរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលថារដ្ឋាភិបាលរុស្ស៉ីប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា។ តាមទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អាមេរិក រុស្ស៉ីនៅតែជាការគំរាមកំហែង ចំពោះការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ហើយមូស្គូកំពុងប្រើប្រាស់វិធីសាស្រ្តស្មុគស្មាញនានា ដើម្បីជួយគាំទ្រដល់បេក្ខភាពមួយរូប និងសាបព្រោះការញុះញង់។ ប៉ុន្តែរុស្ស៉ី បានច្រានចោលនូវការចោទប្រកាន់នេះ។
ផ្ទះមួយខ្នងស្ថិតនៅក្នុងតំបន់ Delmar ទីក្រុង New York ជារបស់លោក Scott Ritter អតីតមន្ត្រីត្រួតពិនិត្យអាវុធរបស់ UN និងជាអ្នករិះគន់ចំពោះគោលនយោបាយការបរទេសអាមេរិក ខណៈមួយខ្នងទៀតក្នុងរដ្ឋ Virginia ជារបស់លោក Dimitri K. Simes ទីប្រឹក្សាលោក Trump នៅពេលជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ ២០១៦។ FBI និយាយថា ខ្លួនចុះអនុវត្តច្បាប់តាមបង្គាប់របស់តុលាការ នៅទីតាំងជាក់ស្តែង។
គួរបញ្ជាក់ថា លោក Simes ដែលធ្លាប់កាន់កម្មវិធី talk show ប្រចាំសប្តាហ៍របស់ទូរទស្សន៍រដ្ឋរុស្ស៉ី Channel One ធ្លាប់ប្រាប់បណ្តាញព័ត៌មានរុស្ស៉ីផ្សេងទៀត ដូចជា Sputnik ថាការចុះឆែកឆេររបស់ FBI ជាការប៉ុនប៉ងដើម្បីបំភ័យ ធ្វើឱ្យខូចកិត្តិយស និងលទ្ធភាពរស់នៅអាមេរិក ឬសូម្បីតែទៅលេងអាមេរិក ព្រមទាំងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់លោក។
ចំណែក លោក Ritter ដែលក្នុងសប្តាហ៍នេះបានសេរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Russia Today ថាលោកគឺជា បណ្តាញរបស់សារព័ត៌មាន RT ចាប់តាំងពីខែមេសា ២០២០។ លោក Ritter ត្រូវបានកាត់ទោសក្នុងឆ្នាំ ២០១១ ដោយគណៈវិនិឆ្ឆ័យនៃតុលាការអាមេរិក ពីបទល្បួងរួមភេទជាមួយអនីតិជនតាមអនឡាញ តែលោកបានបដិសេធ ហើយថាវាជាការសងសឹករូបលោក ជុំវិញការរិះគន់ចំពោះគោលនយោបាយការបរទេសអាមេរិក រួមទាំងទាក់ទងនឹងអ៊ុយក្រែន៕