(តៃប៉ិ)៖ គណៈរដ្ឋមន្រ្តីតៃវ៉ាន់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការចំណាយលើវិស័យការពារជាតិឆ្នាំ ២០២៥ នឹងកើនឡើងដល់ ៧.៧ភាគរយ ដែលលើសពីការព្យាករនៃកំណើនសេដ្ឋកិច្ច ខណៈតៃវ៉ាន់គ្រោងទិញយន្តហោះចម្បាំង មីស៉ីល ដើម្បីពង្រឹងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤។
ក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍ គណៈរដ្ឋមន្ត្រីរបស់តៃវ៉ាន់ បានឱ្យដឹងថា ការចំណាយលើវិស័យការពារជាតិឆ្នាំ ២០២៥ នឹងកើនឡើងដល់ចំនួន ២០.២៥ពាន់លានដុល្លារ ស្មើនឹង ២.៤៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកើនឡើងពី ២.៣៨ភាគរយនៅឆ្នាំនេះ ហើយលើសពីការរំពឹងទុករបស់រដ្ឋាភិបាល សម្រាប់កំណើនសេដ្ឋកិច្ចដែលត្រូវបានព្យាករក្នុងកម្រិត ៣.៣៦ភាគរយ នៅឆ្នាំ ២០២៥។ ការបន្ថែមការចំណាយនេះ នឹងរួមបញ្ចូលនូវកញ្ចប់ពិសេសសម្រាប់ទិញយន្តហោះចម្បាំងថ្មីៗ និងបង្កើនការផលិតមីស៉ីល។ តាមលោក Hsieh Chi-hsien ប្រធានការិយាល័យត្រួតពិនិត្យរបស់ក្រសួងការពារជាតិ ការចំណាយលើវិស័យការពារជាតិដែលឈានដល់កម្រិត ៣ភាគរយនៃ GDP គឺជាគោលដៅដែលរំពឹងថានឹងសម្រេចបាន ហើយនៅពេលនេះ ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ កំពុងកើនឡើងជាលំដាប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់តៃវ៉ាន់ កំពុងដាក់ផែនការធ្វើទំនើបកម្មយោធា ឱ្យទៅជាគោលនយោបាយដ៏សំខាន់ ហើយបានសន្យាម្តងហើយម្តងទៀតថា នឹងចំណាយថែមទៀតលើវិស័យការពារជាតិ ដោយសារតែមានការកើនឡើង នូវការគំរាមកំហែងពីចិន រួមទាំងដើម្បីអភិវឌ្ឍសមត្ថភាពនាវាមុជទឹកផលិតនៅតៃវ៉ាន់ផងដែរ។ ទោះជាយ៉ាងណា កញ្ចប់ថវិកាការពារជាតិ ឆ្នាំ ២០២៥ នៅតែត្រូវការការអនុម័តពីសភា ដែលគណបក្សកាន់អំណាច DPP បានបាត់បង់សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោត កាលពីខែមករា៕