(បាងកក)៖ សភានៃប្រទេសថៃនាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើ អ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេទ័ព គឺលោក Prawit Wongsuwan បន្ទាប់ពីរូបលោក បានយកដៃទៅទះក្បាលអ្នកសារព័ត៌មានម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។
លោក Prawit បានយកដៃវាយលើអ្នកកាសែតម្នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយថៃ ThaiPBS កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលស្រ្តីអ្នកកាសែតរូបនោះ បានសាកសួរទៅកាន់លោក អំពីការបោះឆ្នោតជ្រើសតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្រ្តីថៃថ្មី។ បើតាមវីដេអូដែលគេថតបាន លោក Prawit ពុំបានឆ្លើយសំណួរនោះឡើយ រួចហើយយកដៃ ទៅទះមុខនិងក្បាលអ្នកកាសែត ឈ្មោះ Duangthip Yiamphop ប៉ុន្មានលើក។
សភាថៃបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងបើកការស៉ើបអង្កេតលើរឿងនេះ ក្រោយប្រព័ន្ធផ្សព្វផ្សាយ ThaiPBS បានដាក់ពាក្យបណ្តឹងជាផ្លូវការ។ លោក Prawit អាចប្រឈមមុខ ការព្យួរតំណែងជាសមាជិកសភា ឬជាប់បម្រាម១ជីវិតតែម្តង ប្រសិនបើត្រូវរកឃើញថា ពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ សមាគមអ្នកសារព័ត៌មានថៃ បានចេញមុខថ្កោលទោសលោក Prawit សម្រាប់អ្វីដែលពួកគេចាត់ទុកថា ជាការប្រើអំពើហិង្សាប្រឆាំងលើអ្នកកាសែត។
គួរបញ្ជាក់ថា លោក Prawit វ័យ៧៩ឆ្នាំ ដែលធ្លាប់ជាប្រមុខកងទ័ពថៃ អំឡុងទសវត្សរ៍ឆ្នាំ២០០០ គឺស្ថិតក្នុងចំណោមមេខ្លោង នៃរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានផ្តួលរំលំរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra ដែលត្រូវជាម្តាយមីងរបស់អ្នកស្រី Paetongtarn។ ក្រោយរដ្ឋប្រហារនោះ លោក Prawit បានកាន់តំណែងឧបនាយករដ្ឋមន្រ្តី ក្រោមរដ្ឋាភិបាលយោធា ដែលកាន់អំណាចរហូតមកដល់ឆ្នាំ២០២៣៕