(កង់បេរ៉ា)៖ អូស្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងរួមគ្នាផលិតមីស៉ីលរយៈចម្ងាយឆ្ងាយ Naval Strike Missiles ព្រមទាំង Joint Strike Missiles ជាមួយក្រុមហ៊ុន Kongsberg Defence របស់ប្រទេសន័រវែស នៅទីក្រុង Newcastle ភាគខាងកើតប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy បាននិយាយថា រដ្ឋាភិបាលអូស្រ្តាលី នឹងចូលរួមចំណែកផ្តល់ថវិកា ចំនួន៨៥០លានដុល្លារអូស្រ្តាលី ឬស្មើនឹង៥៧៣.៨លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតមីស៉ីលមួយកន្លែង ជាមួយក្រុមហ៊ុន Kongsberg ក្នុងឆ្នាំ២០២៤នេះ។
បើតាមលោក Conroy មីស៉ីលគ្រូសទាំង២ប្រភេទនោះ នឹងត្រូវប្រើប្រាស់ដោយកងកម្លាំងការពារជាតិអូស្រ្តាលី ហើយរោងចក្រខាងលើ នឹងជាទីតាំងតែមួយគត់លើពិភពលោក ក្រៅពីរោងចក្រនៅន័រវែសផ្ទាល់ ដែលមានសមត្ថភាពផលិតមីស៉ីល NSM និង JSM។ អូស្រ្តាលីបានដាក់ផែនការកំណែទម្រង់ទ្រង់ទ្រាយធំ សម្រាប់វិស័យការពារជាតិរបស់ខ្លួន ដោយផ្តោតទៅលើការជំរុញសមត្ថភាព នៃការវាយប្រហារចំគោលដៅរយៈចម្ងាយឆ្ងាយ ចំពោះមុខការកើនឡើងភាពតានតឹង នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា អូស្រ្តាលីក៏កំពុងអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេង នៅក្រោមភាពជាដៃគូបច្ចេកវិទ្យាការពារជាតិ AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ផងដែរ ហើយនឹងចាប់ផ្តើមការផលិតមីស៉ីលរួមគ្នាជាមួយអាមេរិក នៅឆ្នាំក្រោយ៕