(ជីស៉ីនូ)៖ អធិការបតី លោក Olaf Scholz បាននិយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែនមិនបានពិគ្រោះយោបល់ជាមួយអាល្លឺម៉ង់នោះទេ អំពីការវាយលុករបស់ខ្លួន កាលពីថ្ងៃទី៦ ខែសីហា ចូលទឹកដីរុស្ស៉ី ហើយថាប្រតិបត្តិយោធារបៀបនេះ គួរតែកំណត់ពេល និងជម្រៅទឹកដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤។
ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu នៅទីក្រុងជីស៉ីនូ (Chisinau) លោក Scholz និយាយថា ទីក្រុងបែរឡាំងកំពុងតាមដានយ៉ាងដិតដល់ អំពីការវិវត្តបន្ថែមទៀតជុំវិញការវាយលុករបស់អ៊ុយក្រែន។ លោក Scholz បញ្ជាក់ថា «អ៊ុយក្រែនរៀបចំប្រតិបត្តិការយោធានៅតំបន់ Kursk យ៉ាងសម្ងាត់ និងមិនត្រូវការយោបល់ ពិតណាស់ គឺដោយសារតែស្ថានភាព។ តែយ៉ាងណា ប្រតិបត្តិការនោះគួរតែមានការកំណត់ច្បាស់លាស់ ហើយប្រហែលជាក្នុងលក្ខខណ្ឌនៃពេលវេលាផងដែរ»។
គួរបញ្ជាក់ថា តាមលោក Scholz អាល្លឺម៉ង់ នឹងបន្តធ្វើជាអ្នកគាំទ្រដ៏ធំបំផុតនៅអឺរ៉ុបសម្រាប់អ៊ុយក្រែន ក្រោយលេចលឺភាពចម្រូងចម្រាសនាប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញការលើកឡើងដែលថា មានផ្លាស់ប្តូរក្នុងគោលជំហររបស់អាល្លឺម៉ង់ចំពោះទីក្រុងកៀវ ដោយសារតែបញ្ហានយោបាយក្នុងស្រុក៕