(អ៉ីស្លាម៉ាបាដ)៖ ទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធរបស់ប្រទេសប៉ាគីស្ថាន (FIA) បានចោទប្រកាន់បុរសម្នាក់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ដោយការចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបញ្ឆេះឱ្យមានកុបកម្មនៅចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤។
កុបកម្មនៅចក្រភពអង់គ្លេស ផ្តើមចេញពីការចែកចាយព័ត៌មានក្លែងក្លាយលើអ៉ីនធឺណិត ដែលបន្ទោសទៅលើជនចំណាកស្រុកម្នាក់ជាអ្នកកាន់សាសនាឥស្លាម ថាបានសម្លាប់ក្មេងស្រីវ័យក្មេង ៣នាក់ក្នុងការវាយប្រហារដោយកាំបិត នៅទីក្រុង Southport ភាគខាងជើងប្រទេស កាលពីចុងខែកក្កដា។ FIA បានឱ្យដឹងថា បុរសរូបនោះឈ្មោះ Farhan Asif ជាម្ចាស់គេហទំព័រសាធារណៈមួយ និងត្រូវបានចាប់ខ្លួននៅទីក្រុង Lahore ភាគខាងកើតប្រទេសប៉ាគីស្ថាន។ Asif បានបង្ហោះអត្ថបទមួយលើគណនីបណ្តាញសង្គម X ផ្ទាល់ខ្លួនថា អ្នកធ្វើសកម្មភាពវាយប្រហារគឺជាជនចំណាកស្រុកមូស្លីម ដោយភ្ជាប់មកជាមួយរូបភាពនៃការសម្លាប់។ FIA ក៏បានរកឃើញគណនីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ទៀត ខណៈ Asif សារភាពថាបានបញ្ជូនព័ត៌មានក្លែងក្លាយនេះទៅឱ្យបរទេសផងដែរ។
តាមសេចក្តីប្រកាសរបស់ FIA «ដោយយកមាតិកាក្លែងក្លាយចេញពីគណនីបណ្តាញសង្គម X ផ្សេងទៀត Asif ត្រូវបានរកឃើញពាក់ព័ន្ធក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយប្រើគណនីផ្ទាល់ខ្លួនឈ្មោះ Channel3NOwnews ក្នុងចេតនាបំផុសបំផុល ជុំវិញការចាប់ខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោនមូស្លីមដោយប៉ូលិសអង់គ្លេស បន្ទាប់ពីឧប្បត្តិហេតុចាក់សម្លាប់នៅទីក្រុង Southport នាំឱ្យមានភាពចលាចល និងបង្កអសន្តិសុខ»។ Reuters មិនអាចសុំការបំភ្លឺពី Asif និងក្រុមគ្រួសារបានទេ ជុំវិញការចោទប្រកាន់នេះ ខណៈដែលលោកមិនទាន់មានមេធាវីតំណាងនៅឡើយ៕