(HYDERABAD, ឥណ្ឌា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះមួយកាលពីថ្ងៃពុធ ទី២១ ខែសីហា នៅឯរោងចក្រផលិតថ្នាំពេទ្យមួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃភាគអាគ្នេយ៍ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
មន្ត្រីប៉ូលិសក្នុងតំបន់ លោក Deepika បានប្រាប់ Reuters ថាគិតត្រឹមថ្ងៃពុធ ចំនួនអ្នកស្លាប់កើនដល់១៥នាក់ ហើយអាចបន្តកើនឡើង ខណៈមនុស្សជិត៤០នាក់ បានរងរបួស។ ការផ្ទុះដែលបង្កទៅជាអគ្គិភ័យ បានកើតឡើងកាលពីរសៀសថ្ងៃពុធ នៅឯរោងចក្ររបស់ក្រុមហ៊ុន Escientia Advanced Sciences នៅក្នុងស្រុក Anakapalli នៃរដ្ឋ Andhra Pradesh។
ក៏ប៉ុន្តែ ក្រុមហ៊ុន Escientia មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ហើយរដ្ឋាភិបាលប្រចាំរដ្ឋបានបង្គាប់ឱ្យបើកការស៊ើបអង្កេតលើហេតុការណ៍ផ្ទុះឆេះខាងលើ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ មនុស្ស ២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យស្រដៀងគ្នានេះដែលបានកើតឡើងនៅឯ រោងចក្រមួយរបស់ក្រុមហ៊ុនផលិតថ្នាំពេទ្យ Sahithi Pharma ក្នុងស្រុក Anakapalli៕