(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃពុធ ទី២១ ខែសីហា បានអះអាងថាកងកម្លាំងរបស់ខ្លួនបានកម្ទេចស្ពានចល័តជាច្រើនកន្លែង នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ដោយ ប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ហើយដែលនេះជាលើកដំបូងបំផុតដែលទីក្រុងកៀវទទួលស្គាល់ជាសាធារណៈពីការប្រើអាវុធលោកខាងលិច នៅក្នុង ប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ី ចាប់តាំងពីថ្ងៃទី៦ ខែសីហាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដោយកងកម្លាំងពិសេសអ៊ុយក្រែន បានបង្ហាញពីការវាយប្រហារលើទីតាំងស្ពានចល័តឆ្លងទឹកជាច្រើនកន្លែង នៅក្នុង តំបន់ Kursk ជាទីដែលរុស្ស៉ីរាយការណ៍ថាអ៊ុយក្រែនបានបំផ្លាញស្ពានឆ្លងទន្លេ Seym ចំនួន៣។ ដោយឡែក សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់យោធា អ៊ុយក្រែន ក៏បានឱ្យដឹងដែរថាប្រព័ន្ធមីស៊ីល HIMARS ផ្ដល់ដោយសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការកាត់ផ្ដាច់ logistics របស់រុស្ស៉ី នៅក្នុងតំបន់ Kursk។
ប៉ុន្តែព្រមពេលជាមួយគ្នា ខាងរុស្ស៉ីក៏បានអះអាងដែរថាកងកម្លាំងរបស់ខ្លួន បានបញ្ឈប់ការវាយរុលទៅមុខរបស់កងទ័ពអ៊ុយក្រែនក្នុងតំបន់ Kursk និងកំពុងវាយរុល ទៅមុខក្នុងតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ជាពិសេសគឺទីក្រុង Pokrovsk។ ចំណែក សហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយចំៗចំពោះការប្រើប្រាស់អាវុធ ដែលខ្លួនជាអ្នកផលិតក្នុងតំបន់ Kursk ទេ ខណៈនិយាយថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនមិនបានផ្លាស់ប្ដូរឡើយ ហើយថាអ៊ុយក្រែនកំពុងការពារ ខ្លួនឯងពីការឈ្លានពានពីសំណាក់រុស្ស៉ីតែប៉ុណ្ណោះ៕