(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប្រកាសនៅថ្ងៃពុធនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់ ខណៈដែលកងទ័ពអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារបានផ្តោតលើការបំផ្លាញក្រុមសកម្មប្រយុទ្ធ និងការប្រមូលអាវុធនានា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលដែលការខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ ១០ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែមិនបានលទ្ធផល កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមយន្តហោះទៅលើគោលដៅប្រមាណ ៣០ទីតាំងនៅទូទាំងតំបន់ហ្គាហ្សា រួមទាំងផ្លូវរូងក្រោមដីផងដែរ។
កងទ័ពបានអះអាងថា យុទ្ធជនប្រដាប់អាវុធបានស្លាប់ជាច្រើននាក់ ហើយបានរឹបអូសបានអាវុធដូចជា គ្រឿងផ្ទុះ គ្រាប់បែកដៃ និងកាំភ្លើងស្វ័យប្រវត្តិជាច្រើន។
នៅតំបន់ Deir Al-Balah ដែលមានមនុស្សរស់នៅច្រើន កងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសចេញពីតំបន់នេះ ដោយអះអាងថាជាតំបន់ប្រយុទ្ធគ្រោះថ្នាក់។ បន្ទាប់មកមានការបាញ់ប្រហារកើតឡើង ដែលបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសជាច្រើននាក់។
ជម្លោះនេះបានកើតឡើងនៅពេលដែល លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ចទៅមជ្ឈឹមបូព៌ា ដោយគ្មានលទ្ធផលច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងនាមជាអ្នកសម្របសម្រួល លោក Blinken បានធ្វើការជាមួយមេដឹកនាំអេហ្ស៊ីប, កាតា, និងអ៊ីស្រាអែល ដើម្បីរកដំណោះស្រាយតំបន់ហ្គាហ្សាដែលបានបាត់បង់ជីវិតមនុស្សជាង ៤០,០០០នាក់ ចាប់តាំងពីខែតុលា៕