(កៀវ)៖ សភាអ៊ុយក្រែន បាន បោះឆ្នោតគាំទ្រឱ្យអ៊ុយក្រែនចូលរួមជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
ក្នុងគោលបំណងនាំយករុស្ស៊ីមកកាត់ទោស ពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលបានចោទប្រកាន់ថា បានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ICC មានអំណាចក្នុងការចោទប្រកាន់បទល្មើសធ្ងន់ធ្ងរដូចជា ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអាចចេញដីកាចាប់ខ្លួនដែលសមាជិកទាំង ១២៤ របស់ខ្លួន ត្រូវមានកាតព្វកិច្ចអនុវត្ត។
ទោះបីជាអ៊ុយក្រែនបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើតតុលាការក្នុងឆ្នាំ ២០០០ ក៏ដោយ ក៏ប្រទេសនេះមិនបានផ្តល់សច្ចាប័នទេ ដោយសារតែមានការព្រួយបារម្ភថា ទាហានអ៊ុយក្រែនអាចប្រឈមនឹងការចោទប្រកាន់។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានហៅការផ្លាស់ប្តូរនេះថាជា «ប្រវត្តិសាស្ត្រ» ។ ការផ្តល់សច្ចាប័ននេះមានភាពចម្រូងចម្រាស ដោយរួមបញ្ចូលការយោងទៅលើមាត្រា ១២៤ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលនឹងលើកលែងពលរដ្ឋអ៊ុយក្រែនពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរយៈពេលប្រាំពីរឆ្នាំ។
កាលពីឆ្នាំមុន តុលាការបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអ្នកតំណាងកុមាររបស់លោក លោកស្រី Maria Lvova-Belova ពីបទនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី និងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
ទីក្រុងកៀវបានប្រឈមមុខនឹងសម្ពាធយូរមកហើយពីក្រុមសិទ្ធិមនុស្ស និងសហភាពអឺរ៉ុប ដើម្បីផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ៕