(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៣នេះ យោធាអ៉ីស្រាអែល អះអាងថាបានបំផ្ទុះឃ្លាំងស្តុកអាវុធ របស់ក្រុម Hezbollah នៅតំបន់ជ្រលងភ្នំ Bekaa ប្រទេសលីបង់ ហើយវាជាការវាយប្រហារដ៏ធំទៅលើរូងភ្នំសម្រាប់លាក់អាវុធ របស់ក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧប្បត្តិហេតុនេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និយាយថា «ការវាយប្រហារឃ្លាំងអាវុធនៅលីបង់ គឺជាការត្រៀមលក្ខណៈដែលអាចនឹងកើតឡើង»។ ចំណែក Hezbollah ប្តេជ្ញាសងសឹក ដោយការបាញ់រ៉ុក្កែត Katyusha ទៅកាន់ទីតាំងភស្តុភារយោធាអ៉ីស្រាអែល នៅតំបន់ Golan Heights របស់អ៉ីស្រាអែលនៅស៉ីរី។ នៅមិនទាន់មានការបញ្ជាក់ទេពីកងកម្លាំងសន្តិសុខលីបង់ ជុំវិញការវាយប្រហារឃ្លាំងអាវុធ ដែលបានកើតឡើងកាលពីថ្ងៃអង្គារ។ តាមប្រភពផ្សេងទៀត ការវាយប្រហារកើតមានក្នុងតំបន់លំនៅដ្ឋានមួយ ក្បែរក្រុង Baalbek ភាគខាងកើត Bekaa ជាតំបន់ដែលមានប្រជាជនកាន់សាសនាឥស្លាមនិកាយស៉ីអ៉ីតភាគច្រើន ដែលបណ្តុះបណ្តាលដោយក្រុម Hezbollah។
គួរបញ្ជាក់ថា ខណៈការបាញ់ដាក់គ្នារវាងអ៉ីស្រាអែល និងក្រុម Hezbollah ភាគច្រើនផ្ទុះឡើងនៅតាមព្រំដែនភាគខាងត្បូងលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលថ្មីៗនេះ ធ្វើឡើងកាន់តែចូលជ្រៅទៅក្នុងប្រទេសលីបង់ រួមទាំងជ្រលង Bekaa ដែលមានព្រំប្រទល់ជាប់ប្រទេសស៉ីរី៕