(ប៉េកាំង)៖ នៅថ្ងៃទី១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើ នឹងការរាំងខ្ទប់ និងការព្រមានរបស់នាវាឆ្មាំសមុទ្រចិន ហើយមានចេតនាបើកបំបុកនាវាអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះករណីនាវាបុកគ្នាលើកនេះ។ អនុលោមតាមច្បាប់ចិន និងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាបាច់ចំពោះនាវាហ្វីលីពីន ហើយចំណាត់ការរបស់ចិនគឺ ប្រកបដោយភាពជំនាញ អត់ធ្មត់និងមានបទដ្ឋាន។

ទោះបីជាភាគីហ្វីលីពីនបានទម្លាក់កំហុស ទៅលើភាគីចិនបន្ទាប់ពីរឿងនេះ សហរដ្ឋអាមេរិកនិងបស្ចិមប្រទេសបញ្ចេញ សំឡេងគាំទ្រហ្វីលីពីន ហើយវាយប្រហារនិងមួលបង្កាច់មកលើចិនក្តី ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះករណីនាវាបុកគ្នារបស់ប្រទេសទាំងពីរ ចំណែកអ្នកដែលបង្ករឿងហេតុ ដោយប្រថុយប្រថានម្តងហើយម្តងទៀត នៅសមុទ្រចិនខាងត្បូង និងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺ ប្រទេសហ្វីលីពីន។

ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ ប្រទេសហ្វីលីពីនបានបង្ករឿងហេតុជាញឹកញាប់ នៅលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren'ai និងកោះ Huangyan របស់ប្រទេសចិន ហើយបច្ចុប្បន្ននេះហ្វីលីពីន ក៏បានផ្តោតសំខាន់ទៅលើថ្មប៉ប្រះទឹក Xianbin ដែរ ។ សូមបញ្ជាក់ថា ថ្មប៉ប្រះទឹកនេះគឺជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដីមានស្រាប់របស់ប្រទេសចិន និងជាថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ។ ដោយសារថ្មប៉ប្រះទឹក Xianbin មានចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រពីថ្មប៉ប្រះទឹក Ren'ai វាមិនត្រឹមតែជាទីតាំងដ៏សំខាន់ នៅលើផ្លូវនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះសម្រាប់គាំពារសន្តិសុខ និងស្ថិរភាពនៅភាគខាងកើត សមុទ្រចិនខាងត្បូងផងដែរ ហេតុនេះហើយ ប្រទេសហ្វីលីពីនប៉ុនប៉ងទន្រ្ទានកាន់កាប់ ថ្មប៉ប្រះទឹកនេះជាប់រហូតមក។

ចាប់តាំងពីខែមេសា ឆ្នាំនេះមក ភាគីហ្វីលីពីនបានចាត់បញ្ជូននាវាឆ្មាំសមុទ្រខ្នាតធំៗ មកបំពានចូលដែនថ្មប៉ប្រះទឹក Xianbin ដើម្បីសំចតចោលដោយខុសច្បាប់ ។ លើកនេះ ភាគីហ្វីលីពីនបានចាត់បញ្ជូននាវាឆ្មាំសមុទ្រឱ្យបំពានចូល លំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin ក្នុងគោលបំណងសំខាន់ដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីន ដែលចតចោលនៅទីនេះដើម្បីចង់ឈរជើងឱ្យបានយូរ។ ប្រការនេះជាការវិវឌ្ឍចុងក្រោយនៃការរំលោភសិទ្ធិ និងបង្ករឿងហេតុរបស់ភាគីហ្វីលីពីន ចំពោះប្រទេសចិននៅសមុទ្រចិនខាងត្បូង។

លើសពីនេះទៅទៀត ទង្វើរបស់ភាគីហ្វីលីពីន ក៏មានការគិតពិចារណាខាងនយោបាយក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ អភិបាលកិច្ចរបស់រដ្ឋាភិបាលលោក Ferdinand Marcos មានកម្លាំងទន់ខ្សោយ ជាពិសេសសេដ្ឋកិច្ច និងទេសចរណ៍មិនបានទទួល ការអភិវឌ្ឍនិងស្តារឡើងវិញនោះទេ ដែលបានរងការចោទជាមន្ទិលសង្ស័យ ពីប្រជាជនក្នុងស្រុក។ ឆ្លងតាមរយៈការរំលោភសិទ្ធិ និងបង្ករឿងហេតុជាបន្តបន្ទាប់ចំពោះប្រទេសចិន នៅលើកោះនិងថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង អ្នកនយោបាយហ្វីលីពីនប៉ុនប៉ងផ្ទេរទំនាស់ក្នុងស្រុក និងបន្ធូរបន្ថយកម្លាំងសម្ពាធ នៃអភិបាលកិច្ចរបស់ខ្លួន។

បើមើលពីកត្តាអន្តរជាតិ អាចឃើញថា ក្រោមការញុះញង់ និងអុជអាលបំបែកបំបាក់របស់ប្រទេសធំនៅក្រៅតំបន់ ដើម្បីអូសទាញពួកគេឱ្យបង្កើន ការវិនិយោគនៅក្នុងប្រទេសខ្លួន ហ្វីលីពីនមិនសោកស្តាយក្លាយជាកូនអុករបស់ប្រទេសធំ នៅក្រៅតំបន់សម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនឡើយ។

សកម្មភាពប្រថុយប្រថានរបស់ភាគីហ្វីលីពីន មិនត្រឹមតែបានបំពានយ៉ាងធ្ងន់ធ្ងរនូវ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ឋានៈជាស្នូល របស់អាស៊ានក្នុងកិច្ចការសន្តិសុខក្នុងតំបន់ ក៏ដូចជាបំផ្លាញផលប្រយោជន៍ របស់ប្រទេសអាស៊ានដទៃទៀតផងដែរ។ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ភាគីទាំងពីរចិននិងហ្វីលីពីន បានផ្លាស់ប្តូរមតិយោបល់ ប្រកបដោយភាពស្មោះត្រង់ និងមានលក្ខណៈស្ថាបនាអំពីសភាពការណ៍ នៅសមុទ្រចិនខាងត្បូង ជាពិសេសគឺ គ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងប្រទេសអាស៊ានកំពុងបន្តជំរុញ ការពិគ្រោះពិភាក្សាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង»និងអនុវត្តយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងដែនសមុទ្រ។ ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិនប្រកាន់ខ្ជាប់ នូវកម្មវត្ថុសន្តិភាពជាប់រហូតមក ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងវិវាទឱ្យ បានសមរម្យជាមួយប្រទេសសាមី ដោយផ្ទាល់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ប៉ុន្តែជាមួយគ្នានេះដែរ ចិននឹងគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ ភាគីហ្វីលីពីនចាំបាច់ត្រូវបញ្ឈប់ភ្លាម នូវទង្វើរំលោភបំពានសិទ្ធិ ប្រញាប់ដកចេញនាវាពាក់ព័ន្ធជាបន្ទាន់ បើពុំនោះសោត ហ្វីលីពីនមុខជានឹងបង់តម្លៃដោយសារភាពអគតិ និងការធ្វើតាមទំនើងចិត្ត របស់ខ្លួនជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន