(គូឡាឡាំពួ)៖ អ្នកស្រុកនៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៉ី ត្រូវបានស្នើឱ្យកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ពួកគេ ចំពេលមានក្តីបារម្ភកាន់តែកើនឡើង អំពីលទ្ធភាពនៃកង្វះខាតទឹក ដោយសារតែកម្រិតទឹកទំនប់ធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤។
ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Penang Water Supply Corporation ដែលទទួលខុសត្រូវផ្តល់សេវាកម្ម នៅក្នុងរដ្ឋមួយនេះ បានឱ្យដឹងថា ឥលូវនេះ សមត្ថភាពនៃទំនប់ Air Hitam មាន ២៧.៦ភាគរយ និងនៅទំនប់ Teluk Bahang មាន ១៥.២ភាគរយ។ នាយកប្រតិបត្តិក្រុមហ៊ុន លោក K Pathmanthan និយាយថា សមត្ថភាពទាបនៃទំនប់ទាំងពីរ កំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹក សម្រាប់អ្នកប្រើប្រាស់ជិត ៧៥,០០០នាក់។ ទឹកនៅក្នុងទំនប់ទាំងពីរថយចុះ ដោយសារតែអាកាសធាតុក្តៅហួតហែង ចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ខណៈដែលវាត្រូវបានរចនា និងសាងសង់ឡើងដើម្បីចាក់បំពេញដោយទឹកភ្លៀង ហើយមិនអាចបំពេញតាមមធ្យោបាយផ្សេងបានឡើយ។
បាតុភូតនេះមិនត្រឹមតែប៉ះពាល់ដល់ទំនប់ ក្នុងរដ្ឋ Penang ប៉ុណ្ណោះទេ តែក៏កំពុងប៉ះពាល់ដល់ទំនប់សំខាន់ៗ នៅក្នុងរដ្ឋជាប់គ្នា នោះគឺ រដ្ឋ Kedah និងរដ្ឋ Perak ផងដែរ។ លោក Pathmanthan បានដល់សាធារណជន កាត់បន្ថយការប្រើប្រាស់ទឹក ដោយនិយាយថា វាមិនទាន់មានផលប៉ះពាល់ភ្លាមៗទេ ចំពោះការផ្គត់ផ្គង់ប្រហែល ៦៦.៧ភាគរយនៃអ្នកប្រើប្រាស់ក្នុងរដ្ឋ Penang ពីព្រោះពួកគេនៅមានទឹកពីរោងចក្រកែច្នៃ Sungai Dua ដែលទាញយកប្រភពពីទន្លេ Sungai Muda។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន គណៈកម្មការសេវាទឹកជាតិរបស់ប្រទេសម៉ាឡេស៉ី បានស្នើដល់រដ្ឋមួយចំនួន រិះរកប្រភពទឹកថ្មី ដើម្បីជួយសង្រ្គោះ ក្នុងពេលដែលគ្រោះរាំងស្ងួតទំនងជាកាន់តែធ្ងន់ធ្ងរ ដោយសារតែកត្តាប្រែប្រួលអាកាសធាតុ៕