(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ក្នុងជំនួបនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសហ្វីជី លោក Sitiveni Rabuka ថាលោកគាំទ្រចំពោះផែនការសន្តិភាពនៃតំបន់មហាសមុទ្រ (Ocean of Peace) របស់លោក Rabuka ខណៈមេដឹកនាំប្រទេសតំបន់ប៉ាស៉ីហ្វិក ត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូល នាប៉ុន្មានថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤។

នាយករដ្ឋមន្រ្តីហ្វីជីរូបនេះ នឹងត្រូវចូលរួមជាមួយមេដឹកនាំប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិកចំនួន ១៨ និងដែនដីផ្សេងទៀតសម្រាប់កិច្ចប្រជុំកំពូលមួយ ដើម្បីពិចារណាលើផែនការគោលនយោបាយគាំទ្រដោយអូស្រ្តាលី។ ខណៈហ្វីជី ជាប្រទេសដីកោះមួយនៃតំបន់ប៉ាស៉ីហ្វិក ដែលមានទំនោរចង់បានផលចំណេញតិចតួចពីការវិនិយោគ ក្រុមអ្នកវិភាគនិយាយថា ហ្វីជីមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទីក្រុងប៉េកាំង ដោយសារតែទីតាំងស្ថិតនៅចុងភាគខាងត្បូងនៃតំបន់ជាយុទ្ធសាស្រ្តទី ២ដែលលាតសន្ធឹងរហូតដល់ប្រទេសជប៉ុន និងដែលកងទ័ពជើងទឹកចិនកំពុងស្វែងរកការគ្រប់គ្រង។

លោក ស៉ី បានគូសបញ្ជាក់ថា «ចិនសូមកោតសរសើរចំពោះទស្សនរបស់លោកនាយករដ្ឋមន្រ្តី Rabuka សម្រាប់ផែនការសន្តិភាពនៃតំបន់មហាសមុទ្រ ហើយប្តេជ្ញាចិត្តដើម្បីធ្វើការជាមួយហ្វីជី ក្នុងការរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។ ចំណែក លោក Rabuka ដែលត្រូវបំពេញទស្សនកិច្ចក្នុងប្រទេសចិនរយៈពេល ១០ថ្ងៃ ក៏បានប្រាប់ លោក ស៉ី ដូច្នេះដែរថា «ខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីលោក ស៉ី និងគំនិតរបស់លោកក្នុងការរួមរស់ដោយសន្តិភាព ហើយវាស្របតាមអ្វីដែលខ្ញុំបានលើកជាគំនិត ក្នុងផែនការសន្តិភាពនៃតំបន់មហាសមុទ្រ»។

គួរបញ្ជាក់ថា ប្រទេសចិន បានសន្យាបង្កើនទំហំពាណិជ្ជកម្មជាមួយហ្វីជី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ និងកន្លែងសាងសង់កប៉ាល់ ផ្លូវថ្នល់ រួមទាំងរចនាសម្ព័ន្ធលូ ប៉ុន្តែអាចធ្វើដូច្នេះលុះត្រាតែមានការផ្តល់លក្ខខណ្ឌល្អប្រសើរ សម្រាប់អ្នកនាំចេញកសិផល និងនេសាទរបស់ខ្លួនឱ្យជំពាក់បំណុលចិនកាន់តែច្រើន៕