(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្ស ៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មកលើភាគខាងត្បូងនៃប្រទេស ខណៈក្រុម Hezbollah បានបាញ់រ៉ុក្កែត និងដ្រូនទៅកាន់កងទ័ពអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤។
ក្រសួងសុខាភិបាលលីបង់ មិនបានបញ្ជាក់ទេថាអ្នកស្លាប់ជាជនស៉ីវិល ឬជាអ្នកប្រយុទ្ធ ដោយគ្រាន់តែលើកឡើងថា មានការវាយប្រហារពីអ៉ីស្រាអែល ទៅលើភូមិ Dhayra បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរបួស ២នាក់ទៀត។ ដោយឡែក ក្រុម Hezbollah បានធ្វើការឆ្លើយតបវិញ ដោយវាយប្រហារទៅលើទីតាំង និងកងទ័ពអ៉ីស្រាអែល រួមទាំងការបាញ់គ្រាប់រ៉ុក្កែតចេញពីប្រព័ន្ធ Katyusha លើទីតាំងយោធាភាគខាងជើងអ៉ីស្រាអែលផងដែរ។
ចលនា Shiite Muslim ក៏បានឱ្យដឹងផងដែរថា ក្រុមរបស់ខ្លួនបានបាញ់យន្តហោះដ្រូន លើទីតាំងរបស់អ៉ីស្រាអែលជាច្រើនក្នុងតំបន់ Golan Heights ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែល ចូលមកយ៉ាងជ្រៅនៅតំបន់ Bekaa ភាគខាងកើតលីបង់ កាលពីមួយថ្ងៃមុន។ តាមយោធាអ៉ីស្រាអែល មីស៉ីលសរុបប្រហែល ១១៥គ្រាប់ ត្រូវកំណត់បានថាបាញ់ចេញពីលីបង់។ ក្រៅពីនេះ ប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែល ក៏បានស្ទាក់ចាប់វត្ថុបាញ់ចេញពីអាកាសលីបង់មួយចំនួន។ គ្មានអ្នករបួសត្រូវបានរាយការណ៍ទេ ទោះបីជាយោធាអ៉ីស្រាអែលថា ឧប្បត្តិហេតុនោះបានបង្កការឆាបឆេះនៅទីតាំងខ្លះៗ។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ បានបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែនជាញឹកញាប់ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង ប៉ុន្តែក្តីបារម្ភពីការរាលដាលនៃជម្លោះក្នុងតំបន់កាន់តែកើនឡើង ក្រោយការសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ Hezbollah៕