(ដូហា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចំណាយពេលជាច្រើនថ្ងៃ អំឡុងធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីពន្លឿនកិច្ចប្រឹងប្រែងស្វែងរក បទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា។ ប៉ុន្តែបែរជាត្រូវចាកចេញពីតំបន់នេះកាលពីថ្ងៃអង្គារ ទី២០ ខែសីហា ដោយបន្សល់ទុកឱ្យកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បន្តស្ថិតនៅក្នុងភាពស្រពេចស្រពិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Blinken និងក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីប្រទេសអេហ្ស៉ីប និងកាតា បានផ្ដល់សង្ឃឹមរបស់ខ្លួនទៅលើកិច្ចព្រមព្រៀងថ្មីចុងក្រោយបំផុតមួយដែលពួកគេ ជឿថាអាចនឹងបន្ថយគម្លាតនៃការខ្វែងគំនិតគ្នារវាងភាគីសង្រ្គាមទំាង២ ដើម្បីឈានទៅដល់ការឯកភាពលើបទឈប់បាញ់ បញ្ចប់សង្រ្គាមអូសបន្លាយពេលជាង១០ខែ មកនេះ។ ប៉ុន្តែ ទាំងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្តទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតា មុនចេញដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីៗ គ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង»។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលបានអមដំណើរជាមួយលោក Blinken សហរដ្ឋអាមេរិក រំពឹងថាកិច្ចចរចាស្ដីពីបទឈប់បាញ់ហ្កាហ្សានឹងបន្តធ្វើឡើងក្នុងសប្ដាហ៍នេះ។
លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអង្គារ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៉ីប លោក Abdel-Fattah El-Sisi មុននឹងបន្តដំណើរ ទៅកាន់ប្រទេសកាតា ក្នុងថ្ងៃដដែល។
គួរបញ្ជាក់ថា បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ លោក Blinken បាននិយាយថាអ៉ីស្រាអែលបានទទួលយកសំណើហើយ និងបានជំរុញឱ្យក្រុមហាម៉ាសធ្វើដូចគ្នានេះដែរ។ ក្រុមហាម៉ាសវិញមិនបានបដិសេធត្រង់ៗចំពោះសំណើនេះនោះទេ តែបញ្ជាក់ថាមានចំណុចមួយចំនួនដែលខ្លួនបានឯកភាព កាលពីពេលមុនៗត្រូវបានដកចេញ៕