(Chicago សហរដ្ឋអាមេរិក)៖ បាតុកម្មតវ៉ាបានផ្ទុះឡើងជាថ្មីនៅខាងក្រៅទីតាំងរៀបចំសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យក្នុងទីក្រុង Chicago នៅថ្ងៃអង្គារ ទី២០ ខែសីហា បន្ទាប់ពីក្រុមមន្ត្រីអាមេរិក បានដំឡើងរនាំងការពារបន្ថែម ជាការឆ្លើយតបទៅនឹងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដែលបានទម្លុះរនាំងការពារដំឡើងដោយអាជ្ញាធរ កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

បាតុកម្មតវ៉ាបានឈានចូលដល់ថ្ងៃទី២ ដោយក្រុមបាតុករបាននាំគ្នាដើរតាមដងផ្លូវ ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេទៅនឹងការគាំទ្ររបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់អ៉ីស្រាអែលនៅក្នុងសង្រ្គាមហ្កាហ្សា។ បាតុកម្មកាលពីថ្ងៃចន្ទ ដំបូងឡើងបានប្រព្រឹត្តទៅដោយសន្តិវិធី តែក្រោយមក មានបាតុករមួយចំនួនបានព្យាយាមទម្លុះរនាំងការពារ ជាហេតុជំរុញឱ្យអាជ្ញាធរដាក់ពង្រាយប៉ូលិសប្រឆាំងកុបកម្មទៅកាន់កន្លែងធ្វើបាតុកម្ម។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនក្នុងបាតុកម្ម កាលពីថ្ងៃចន្ទ។ ចំណែកខាងប៉ូលិសក៏បានទទួលស្គាល់ព័ត៌មាននេះដែរ តែមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានឃាត់ខ្លួននោះទេ។

គួរបញ្ជាក់ថា បាតុកម្មជាថ្មីកាលពីថ្ងៃអង្គារ បានកើតឡើងនៅតាមដងផ្លូវជាច្រើននៃទីក្រុង Chicago ហើយក្នុងនោះក៏មានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករផងដែរ។ តែមិនទាន់ មានសេចក្ដីរាយការណ៍ថាតើមានអ្នកត្រូវបានចាប់ខ្លួនប៉ុន្មាននាក់ដែរឬក៏យ៉ាងណានោះទេ។

គណបក្សប្រជាធិបតេយ្យ កំពុងបើកសមាជជាតិរបស់ខ្លួនក្នុងទីក្រុង Chicago ជាទីដែលលោកស្រី កាម៉ាឡា ហារីស នឹងត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីជំនួស លោក ចូ បៃដិន ជាផ្លូវការ បន្ទាប់ពីលោកបានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ៕