(បែរឡាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក WHO បាននិយាយថាជំងឺ mpox ឬអុតស្វា មិនថាជាមេរោគបំប្លែងចាស់ ឬថ្មី គឺមិនមែនជា ជំងឺរាតត្បាតសកល ឬក៏ជំងឺកូវីដ១៩ថ្មីនោះទេ ពីព្រោះអាជ្ញាធរសុខាភិបាកដឹងពីរបៀបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃអង្គារ ទី២០ ខែសីហា លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា «យើងអាច ហើយត្រូវតែទប់ស្កាត់ mpox ជាមួយគ្នា»។ លោកបន្ថែមថា «រៀបដែលយើងឆ្លើយតបក្នុងពេលបច្ចុប្បន្ន និងនៅប៉ុន្មានឆ្នាំទៅមុខ នឹងក្លាយជាការធ្វើតេស្ដមួយដ៏សំខាន់ សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល»

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីមេរោគបំប្លែងថ្មីនៃជំងឺនេះឈ្មោះ clade Ib បានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាល ទៅកាន់ប្រទេសជិតខាងជាច្រើន។

តាម WHO​ ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ ជាធម្មតា ជំងឺនេះមានរោគសញ្ញា ស្រាល តែករណីខ្លះអាចសម្លាប់ជីវិតមនុស្សបាន។ ជំងឺនេះមានរោគសញ្ញាដូចផ្ដាសាយ តែមានឡើងពងបែកនៅស្បែក៕