(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសម្របសម្រួលកិច្ចចរចាអាមេរិក និងអារ៉ាប់ បាននិយាយថាពួកគេកំពុងខិតកាន់តែកៀក ទៅនឹងកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដែលអូសបន្លាយជាង១០ខែមកនេះ។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន ក្រោយកិច្ចចរចារយៈពេល ២ថ្ងៃក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីសប្ដាហ៍មុន។ ប៉ុន្តែ ក្រុមហាម៉ាសបានអះអាងថាពួកគេមានបញ្ហាជាច្រើនជាមួយសំណើដែលត្រូវបានលើកឡើងក្នុងកិច្ចចរចា ដោយនិយាយថាវាដើរចេញឆ្ងាយពីសំណើមុនៗ ដែល ក្រុមខ្លួនអាចទទួលយកបានមួយភាគធំ។ ចំណែក អ៉ីស្រាអែលក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរ ដ្បិតមានការសម្រុះសម្រួលមួយចំនួនដែលខ្លួនមិនអាចទទួលយកបាន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងអំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី១៩ ខែសីហាថាកិច្ចចរចាជុំថ្មីនេះអាចជាឱកាសចុងក្រោយ ដើម្បី សម្រេចឱ្យបាននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ កិច្ចចរចាត្រូវបានរំពឹងថានឹងចាប់ផ្ដើមឡើងវិញក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប ក្នុងសប្ដាហ៍នេះ។ ក្រុមហាម៉ាសមិនបានចូលរួម ក្នុងកិច្ចចរចាដោយផ្ទាល់ទេ តែទទួលបានការជូនដំណឹងពីក្រុមអ្នកចរចាកាតា និងអេហ្ស៉ីប។
តាមក្រុមអ្នកជំនាញ ទោះជាក្រុមអ្នកចរចាអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ដោយ ក៏វាមិនទាន់ប្រាកដនោះដែរ ពោលគឺ គេត្រូវចាំមើលការសម្រេចចិត្តរបស់មនុស្ស២នាក់ សិន នោះគឺ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu និងមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលកំពុងស្ថិតក្នុងតំបន់ហ្កាហ្សា។ ដូច្នេះយើងចាប់ផ្ដើមនិយាយមុនគេពីលោក Netanyahu។ លោក Netanyahu ជឿជាក់ថាកងកម្លាំងអ៉ីស្រាអែលកំពុងធ្វើឱ្យសមត្ថភាពរបស់ក្រុមហាម៉ាសចុះខ្សោយ ហើយប្រជាប្រិយភាពរបស់លោក Sinwar កំពុងដាំក្បាលចុះក្រោមខណៈសង្រ្គាមបន្តអូសបន្លាយ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលថែមទាំងហ៊ានបញ្ជាឱ្យមានការសម្លាប់មេបញ្ជាការក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូត និងមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ទៀតផង។ លោក Netanyahu ជ្រើសរើសដើរតាមជំហាននេះក៏ព្រោះតែលោកជឿថា កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង នឹងជួយ ការពារអ៉ីស្រាអែលពីការសងសឹករបស់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តអ៉ីរ៉ង់។ ហើយណាមួយ លោកក៏ស្មានដឹងដែរថារដ្ឋបាលលោក ចូ បៃដិន មិនមានឆន្ទៈបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែលនោះទេ។
និយាយពីនយោបាយវិញ ប្រជាប្រិយភាពរបស់លោក Netanyahu ក្នុងប្រទេសអ៉ីស្រាអែលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែក៏មិនទាន់មាននរណាម្នាក់លេចមុខចង់ជំនួសតំណែងពីរូបលោកនោះដែរ។ សម្រាប់លោក Netanyahu សម្ព័ន្ធមិត្តមាននិន្នាការស្ដាំនិយមជ្រុលគឺមានសារៈសំខាន់បំផុតចំពោះអាយុជីវិតនៃរដ្ឋាភិបាលចម្រុះរបស់លោកសព្វថ្ងៃ។ ក្រុមអ្នកស្ដាំនិយមជ្រុលអ៉ីស្រាអែលបានគំរាមថានឹង ដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយលោក Netanyahu ប្រសិនបើរូបលោកទទួលយកបទឈប់បាញ់បញ្ចប់សង្រ្គាមជាមួយហាម៉ាសទាំងដែលមិនទាន់អាចកម្ទេចចលនាមួយនេះចោលទេនោះ។ សម្ពាធ លើលោក Netanyahu បានកើនឡើងជាលំដាប់ក្នុងការជំរុញឱ្យលោកសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ តែកន្លងមក លោកបានច្រានចោលសម្ពាធទាំងនេះ។ បើគេនៅចំាមិនភ្លេច ទេ នៅពេលត្រូវបានក្រុមហាម៉ាសចាប់ពង្រត់ ក្នុងឆ្នាំ២០០៦ ទាហានអ៉ីស្រាអែលម្នាក់ឈ្មោះ Gilad Shalit បានស្ថិតក្រោមការឃុំខ្លួនដល់ទៅ៥ឆ្នាំឯណោះ ខណៈលោក Netanyahu ចរចាជាមួយក្រុម ហាម៉ាស រហូតដល់រូបលោកធ្វើការសម្រេចចិត្តមួយដ៏ពិបាក នោះគឺដោះលែងអ្នកទោសប៉ាឡេស្ទីន ១០០០នាក់ ក្នុងនោះរួមមានទាំងលោក Sinwar ជាថ្នូរនឹងការដោះលែងទាហានអ៉ីស្រាអែល Gilad Shalit ។
កាន់តែសំខាន់ជាងនេះទៅទៀត លោក Netanyahu មិនបានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកកាលពីពេលថ្មីៗនេះទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីឆន្ទៈចង់បានកិច្ចព្រមព្រៀង ឬក៏បញ្ចេញ ទស្សនៈថ្មីពាក់ព័ន្ធនឹងបទឈប់បាញ់នោះឡើយ។ ផ្ទុយទៅវិញ លោកកាន់តែប្រកាន់ជំហរតឹងរ៉ឹង ក្រោមហេតុផលមួយផ្នែកដើម្បីតេស្ដមើលប្រតិកម្មប្រជាជនអ៉ីស្រាអែល និងមួយផ្នែកទៀតដើម្បីដឹងថាតើ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែល មានការថយចុះដែរឬក៏យ៉ាងណា? ក្នុងន័យនេះ ប្រសិនបើលោក ចូ បៃដិន ឬអ្នកដែលអាចឡើងបន្តវេនពីលោក បៃដិន នៅតែប្ដេជ្ញាចិត្តការពារសន្តិសុខ អ៉ីស្រាអែល នោះលោកនៅតែមានឱកាសបន្តធ្វើសង្រ្គាមប្រឆាំងហាម៉ាស។ តែអ្វីដែលសំខាន់ លោក Netanyahu ប្រហែលជាយល់ថាសង្រ្គាមនៅតែមានភាពចាំបាច់ ជាពិសេសក្នុងកាលៈទេសៈសព្វថ្ងៃ តែម្ដង។ ដូច្នេះលោក Netanyahu អាចនឹងបន្តទាញយកប្រយោជន៍ដើម្បីអាចបន្តធ្វើសង្រ្គាម និងកម្ទេចសមត្ថភាពរបស់ក្រុមហាម៉ាស ហើយពង្រឹងវត្តមានយោធានៅតាមបណ្ដោយព្រំដែនរវាងហ្កាហ្សា និងអេហ្ស៉ីប សំដៅទប់ស្កាត់ការរត់ពន្ធអាវុធចូលក្នុងតំបន់ហ្កាហ្សា។ ម្យ៉ាង ក្នុងស្ថានការណ៍តានតឹងមួយដែលមិនផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ លោកអាចនឹងរីករាយជាមួយការការពារពីអាមេរិក ដែលនឹង អនុញ្ញាតឱ្យរូបលោកបង្កការខូចខាតដល់កងកម្លាំងអ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ដែលគំរាមកំហែងអ៉ីស្រាអែល ក្នុងគោលបំណងបង្ហាញពីឫទ្ធអំណាច និងកំញើញសត្រូវកុំឱ្យសូម្បីតែគិតចង់វាយប្រហារ លើអ៉ីស្រាអែល។
ដោយឡែក លោក Yahya Sinwar ក៏នៅតែមានការប្ដេជ្ញាចិត្តតស៊ូប្រយុទ្ធដែរ។ ក្រុមអ្នកជំនាញជឿថាគោលដៅរបស់លោក Sinwar នៅពីក្រោយការបើកការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គឺចង់ធ្វើឱ្យអ៉ីស្រាអែលឯកោទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គោលដៅនេះបានដំណើរការទៅមុខ។ ជាឧទាហរណ៍ កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល បានជាប់គាំងទាំងស្រុង។ លោក Sinwar បានចំណាយពេលជាង២០ឆ្នាំ នៅក្នុងពន្ធនាគារអ៉ីស្រាអែល ជាទីដែលរូបលោករៀនចេះនិយាយភាសា Hebrew និងស្វែងយល់ ពីសង្គមអ៉ីស្រាអែលយ៉ាងច្បាស់។ សម្រាប់លោក Sinwar ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់មិនមែនជាជនរងគ្រោះនៃការឈ្លានពានរបស់អ៉ីស្រាអែលនោះទេ តែជាអ្នកពលីដើម្បីបុព្វហេតុ ប៉ាឡេស្ទីន។
គួរបញ្ជាក់ថា នៅបន្ទាប់ពីការសម្លាប់លោក Haniyeh ដែលជាអ្នកដឹកនាំកិច្ចចរចាស្វែងរកបទឈប់បាញ់កន្លងមក និងការឡើងកាន់តំណែងជាមេដឹកនាំនយោបាយហាម៉ាសថ្មីរបស់លោក Sinwar ជំនួស កន្លែងលោក Haniyeh ក្រុមអ្នកជំនាញខ្លះយល់ថាវាអាចនឹងបង្កការលំបាកដល់កិច្ចព្រមព្រៀងស្វែងរកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង ពីព្រោះលោក Haniyeh ជាអ្នកចរចា រីឯលោក Sinwar គឺជាអ្នកប្រយុទ្ធ។ ម្យ៉ាងបញ្ហាធំសំខាន់នៅពេលនេះ គឺហាម៉ាសចាត់ទុកថាបទឈប់បាញ់គឺជាការបញ្ចប់សង្រ្គាមទាំងស្រុង រីឯអ៉ីស្រាអែល មិនបានបោះចោលនោះទេនូវគំនិតត្រឡប់ទៅធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា វិញ៕