(ប៊ែកឡាំង)៖ អ៊ីរ៉ង់បានសម្រេចបិទមជ្ឈមណ្ឌលពីរ ដែលមានទំនាក់ទំនងទៅនឹងប្រទេសអាល្លឺម៉ង់ ក្រោមហេតុផលថា ពួកគេ «សកម្មភាពខុសច្បាប់ និងការក្លែងបន្លំហិរញ្ញវត្ថុ» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Mizan របស់ប្រទេសអ៊ីរ៉ង់។

ការបិទនេះធ្វើឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានហាមឃាត់មជ្ឈមណ្ឌលអ៊ីស្លាមមួយ នៅក្នុងទីក្រុង Hamburg កាលពីខែកក្កដាកន្លងទៅនេះ។

រូបភាពដែលបង្ហាញកងកម្លាំងសន្តិសុខ កំពុងដកបដារបស់វិទ្យាស្ថានភាសាអាឡឺម៉ង់នៅទីក្រុង Tehran ដែលមានទំនាក់ទំនងជាមួយស្ថានទូតអាល្លឺម៉ង់ ក៏ត្រូវបានចេញផ្សាយផងដែរ។ ទីភ្នាក់ងារព័ត៌មាន Mizan បានបន្ថែមថា ការស៊ើបអង្កេតលើមជ្ឈមណ្ឌលដទៃទៀត ដែលមានទំនាក់ទំនងជាមួយប្រទេសអាឡឺម៉ង់កំពុងតែបន្តផងដែរ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសអាល្លឺម៉ង់បានហាមឃាត់មជ្ឈមណ្ឌលអ៊ីស្លាម Hamburg (IZH) និងអង្គការបុត្រសម្ព័ន្ធរបស់វា ក្រោមហេតុផលថា «ការបន្តគោលដៅអ៊ីស្លាមនិយមជ្រុលនិយម» នេះបើយោងតាមក្រសួងមហាផ្ទៃ។ ក្រសួងបាននិយាយថា មជ្ឈមណ្ឌលនេះបានធ្វើសកម្មភាពជាតំណាងផ្ទាល់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហើយបានព្យាយាមនាំមកនូវបដិវត្តន៍ឥស្លាមនៅក្នុងប្រទេសអាល្លឺម៉ង់៕