(កៀវ)៖ ស្ពានរបស់រុស្ស៉ីមួយទៀត ត្រូវគេរាយការណ៍ថា បានរងការបំផ្លាញដែលនាំឱ្យស្ពានរុស្ស៉ីបីហើយត្រូវបានបំផ្លាញជាបន្តបន្ទាប់នៅក្នុងខេត្ត Kursk ។ អ៊ុយក្រែននៅជាមួយគ្នានេះ បាន អះអាងការគ្រប់គ្រងទឹកដីរុស្ស៉ីក្នុងខេត្ត Kursk មានទំហំ១,២៥០គីឡូម៉ែត្រក្រឡាហើយ។
អ៊ុយក្រែន បានបំផ្លាញស្ពានទីបីរបស់រុស្ស៉ីនៅក្នុងខេត្ត Kursk គ្រាដែលបំណងនៃការវាយលុក លឿនដូចផ្លេកបន្ទោរនោះ បានលាតត្រដាងយ៉ាងច្បាស់ថា គឺជាការបង្កើតតំបន់ទ្រនាប់យោធា ។ យោងតាមមន្ត្រីរុស្ស៉ី ស្ពានទីបី ដែលរងការបំផ្លាញ គឺជាស្ពាន ឆ្លងកាត់ទន្លេ Seym ក្នុងខេត្ត Kursk ដដែល ស្ថិតក្នុងភូមិខារីស Karyzh។ ស្ពានទីបីនេះ ត្រូវបានបំផ្លាញវេលាយប់ថ្ងៃ ទី ១៩សីហា ដោយអំពើបាញ់ផ្លោងរបស់អ៊ុយក្រែន។
កងកម្លាំងអ៊ុយក្រែន នាពេលនេះកំពុងតែត្រៀមលក្ខណៈវាយសម្រុកទៅមុខ ពីក្បាលស្ពាន ក្បែរក្រុង Sudzha ដែលត្រូវបានចូលគ្រប់គ្រងប្រមាណ២សប្តាហ៍មកនេះ ចាប់តាំងពីការវាយ ប្រហារថ្ងៃទី៦សីហានោះមក។ ទាហានអ៊ុយក្រែនត្រូវគេនិយាយថា កំពុងឡោមព័ទ្ធទាហាន រុស្ស៉ី ភាគច្រើនគឺជាទាហានជ្រើសរើសថ្មីដែលស្ថិតនៅជាប់ភាគខាងត្បូងទន្លេក្នុងស្រុក ខូរ៉នីវស្គី Korenevsky ក្នុងខេត្ត Kursk នោះ។
ប្រសិនបើប្រតិបត្តិការនេះទទួលបានជោគជ័យថែមទៀតនោះ អ៊ុយក្រែននឹងចួលគ្រប់គ្រងទឹកដីរុស្ស៉ីជាបន្ថែមចំនួន ៧០០ គីឡូម៉ែត្រក្រឡា ថែមទៀត។ រុស្ស៉ីក្នុងពេលដែលមានការផ្តាច់ ស្ពានឆ្លងនេះ បានសាងសង់ស្ពាន Pontoon ក្នុងការឆ្លងកាត់ទន្លេ ដើម្បីជួយផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួន ប៉ុន្តែស្ពាន Pontoon ទាំងនេះ ងាយនឹងរងគ្រោះណាស់បើសិនមានការវាយប្រហាររបស់អ៊ុយក្រែនក្នុងរយៈចម្ងាយជិតពីប្រព័ន្ធអាវុធចល័ត Himars ដែលផ្គត់ផ្គង់ដោយសហរដ្ឋ អាមេរិកនោះ។
កាលពីថ្ងៃចន្ទ កងកម្លាំងអ៊ុយក្រែន បានចាប់យកភូមិរុស្ស៉ីចំនួនពីរទៀត គឺភូមិ Snagost និង ភូមិអាប៉ាណាសូវកា Apanasovka។ ទោះជាយ៉ាងណាក៏ដោយ ល្បឿននៃការវាយលុកក្នុង ខេត្ត Kursk បានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះគ្រាដែលរុស្ស៉ីបានបញ្ជួនទ័ពបំរុងព្យាយាមបញ្ឈប់អង្គភាពប្រយុទ្ធរបស់អ៊ុយក្រែនមិនឱ្យធ្វើដំណើររុលទៅមុខបានលឿន។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់កាសែតThe Guardian ថា "ស្ថានការណ៍មានភាពរញ៉េរញ៉ៃនៅទីនោះ" ។ លោកបានថ្លែងបន្តថា «រុស្ស៉ីបានបញ្ជួនទាហានមកជាបន្ថែម ដោយទាហានខ្លះ ជា ទាហានមានសមត្ថភាព និងទាហានខ្លះជាទាហានគ្មានសមត្ថភាព។ មន្ត្រីអ៊ុយក្រែននិយាយថា ទាហានរុស្ស៉ី មានការលំបាកក្នុងការវាយដណ្តើមយកទឹកដី របស់ ខ្លួនវិញនៅក្នុងខេត្ត Kursk នោះ»។
មន្ត្រីដដែលបាននិយាយថា អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន លោក Oleksandr Syrskyi កំពុងធ្វើយុទ្ធនាការ "ល្បឿនលឿន" ដោយកងទ័ពរបស់លោកត្រូវធ្វើចលនា ជាប់ជានិច្ច។ មន្ត្រីនោះនិយាយថា លោក Syrskyi ចង់ជៀសវាង ការធ្វើសង្គ្រាមដែលជីកលេណដ្ឋាននៅនឹង កន្លែង ដែលស្រដៀងនឹងអ្វីដែលបានកើតឡើងនៅភាគខាងកើតអ៊ុយក្រែនដោយសារតែយុទ្ធ សាស្ត្រនោះ មានគ្រោះថ្នាក់ខ្លាំងណាស់។
មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការលុកលុយរបស់អ៊ុយ ក្រែន ចូលទៅក្នុងនៅតំបន់ Kursk របស់រុស្ស៉ីជាច្រើនថ្ងៃមកនោះ គឺជាការបង្ហាញថា អ្វីដែលវិមានក្រឹមឡាំង បាននិយាយអំពីការគំរាមកំហែងនៃការវាយតបតដាក់មកលើអ៊ុយក្រែន វិញនោះ គឺជារឿងនិយាយសម្លុតដើម្បីឱ្យគេបានខ្លាចតែប៉ុណ្ណោះ។ លោក ហ្សេ ឡិនស្គី បាននិយាយថា ពេលនេះកងកម្លាំងអ៊ុយក្រែនបានចូលគ្រប់គ្រងទឹកដីរុស្ស៉ីជាង ១,២៥០ គីឡូម៉ែត្រក្រឡា ជាមួយនឹងការគ្រប់គ្រងលើទីតាំងចំនួន៩២កកន្លែងនៅក្នុងខេត្ត Kursk ។
អ៊ុយក្រែនបានថ្លែងថា ការវាយប្រហារលុកលុយដាក់លើទឹកដីរុស្ស៉ីនេះ មិនមែនក្នុងបំណង ចង់គ្រប់គ្រងទឹកដីរុស្ស៉ីឡើយ ប៉ុន្តែគឺជាវិធី មួយ ដើម្បីបង្ខំរុស្ស៉ីឱ្យបញ្ឈប់ការធ្វើសង្គ្រាម។ ប៉ុន្តែជំនួយការប្រធានាធិបតីរុស្ស៉ី លោក Yuri Ushakov បាននិយាយថា ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅពេលនេះទេ៕