(ហ្គាហ្សា)៖ ប្រភពពីសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩នាក់ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងទីក្រុងហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅលើសាលារៀន Mustafa Hafez ក្នុងសង្កាត់ al-Rimal ដែលកំពុងផ្តល់ជម្រកដល់ក្រុមជនភៀសខ្លួនរាប់រយគ្រួសារ ដោយបានសម្លាប់ និងបង្កការរងរបួសជាច្រើននាក់។
លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិលបានប្រាប់ស៊ីនហួថា «រហូតមកដល់ពេលនេះ យើងបានរកឃើញសាកសពចំនួន ៩នាក់ហើយ ខណៈអ្នកផ្សេងទៀតនៅជាប់ក្រោមគំនរបាក់បែក»។
លោក Basal បានបន្ថែមថា «កងទ័ពអ៊ីស្រាអែលបន្តកំណត់គោលដៅលើជនស៊ីវិលនៅក្នុងទីក្រុង Gaza ដោយមិនយកចិត្តទុកដាក់ចំពោះជីវិតរបស់កុមារ ស្ត្រី និងមនុស្សចាស់»។
លោកបានកត់សម្គាល់ថា ក្រុមការពារជនស៊ីវិលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការចុះទៅដល់ជនរងគ្រោះ ដោយសារសមត្ថភាពដឹកជញ្ជូនមានកម្រិត និងកង្វះខាតប្រេង។
នៅថ្ងៃអង្គារនេះផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងជាក់លាក់មួយលើ «ភេរវករ» ដែលប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ហាម៉ាស។
គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។
បើយោងតាមអាជ្ញាធរប៉ាឡេស្ទីន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៤នាក់ និងរបួស ១១៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៤០,១៧៣ នាក់ និង ៩២,៩៧៥នាក់បានរងរបួស៕