(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារនេះ អ៉ីស្រាអែលបានឱ្យដឹងថា កងកម្លាំងយោធារបស់ខ្លួន យកបានសាកសពចំណាប់ខ្មាំង៦នាក់ ពីតំបន់ Khan Younis នៅភាគខាងត្បូងហ្កាហ្សា កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍ពីយោធា និងការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានបន្ថែមថា គ្រួសាររបស់ចំណាប់ខ្មាំងខាងលើ ដែលរួមមានឈ្មោះ Yagev Buchshtab, Alexander Dancyg, Avraham Munder, Yoram Metzger, Nadav Popplewell, និង Chaim Perry គឺត្រូវបានជូនដំណឹងហើយ។ អង្គការ Hostages Families Forum បានស្វាគមន៍ដំណឹងនេះ ប៉ុន្តែតំណាងឱ្យគ្រួសារចំណាប់ខ្មាំងភាគច្រើន បានអំពាវនាវសាជាថ្មី ឱ្យរដ្ឋាភិបាលអ៉ីស្រាអែល សម្រេចឱ្យបានកិច្ចព្រមព្រៀងជាមួយ ក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីរំដោះចំណាប់ខ្មាំង ដែលនៅសេសសល់។
អង្គការ Hostages Families Forum បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការវិលត្រឡប់មកវិញបានឆាប់រហ័ស នៃចំណាប់ខ្មាំងនៅសល់ចំនួន១០៩នាក់ អាចសម្រេចទៅតែតាមរយៈការចរចាកិច្ចព្រមព្រៀងប៉ុណ្ណោះ។ រដ្ឋាភិបាលអ៉ីស្រាអែល ក្រោមការជួយពីក្រុមអ្នកសម្រុះសម្រួល ចាំបាច់ត្រូវតែប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀង ដែលកំពុងស្ថិតនៅលើតុ»។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នាពេលនេះ កំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ាជាថ្មីម្តងទៀត ដើម្បីព្យាយាមជួយសម្រេចឱ្យបាន កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស៕