(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានសភាប្រជាជនចិន លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយលោកស្រី Ngo Thi Phuong Ly ភរិយារបស់លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម និងប្រធានរដ្ឋវៀតណាមដែលអមដំណើរលោក Tô Lâm បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសទាំងពីរចិននិងវៀតណាម មានវប្បធម៌ប្រហាក់ប្រហែលគ្នាទាំងផ្នែកអក្សរសាស្ត្រ សិល្បៈនិងម្ហូបអាហារជាដើម រំពឹងទុកថាភាគីទាំងពីរអាចបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ ធ្វើការស្វែងយល់ពីគ្នា ឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យជំរុញការអភិវឌ្ឍបុព្វហេតុមេត្រីភាព រវាងចិននិងវៀតណាម។ ប្រទេសវៀតណាមទទួលបាន សមិទ្ធផលដ៏សំខាន់លើវិស័យអភិវឌ្ឍកិច្ចការនារី ក្នុងនោះបូករួមទាំងការអប់រំរបស់កុមារីនិងស្រ្តី ភាគីយើងទាំងពីរ អាចបង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាក្នុងវិស័យនេះ។ ភាគីយើងទាំងពីរគួរតែលើកទឹកចិត្ត ដល់យុវជននៃប្រទេសយើងទាំងពីរ ឱ្យរៀនសូត្រភាសារបស់គូភាគី ដើម្បីបង្កើនមនោសញ្ចេតនាដ៏មេត្រីភាព។
ជាការឆ្លើយតប លោកស្រី Ngo Thi Phuong Ly បានថ្លែងថា នាងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌ចិនដ៍អស្ចារ្យ រំពឹងទុកថាភាគីទាំងពីរវៀតណាមនិងចិន អាចបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាឥតឈប់ឈរ ។ ភាគីយើងទាំងពីរគួរតែជំរុញការប្រាស្រ័យទាក់ទង រវាងស្ត្រីនិងយុវជនថែមមួយកម្រិតទៀត ដើម្បីបង្កើនការយល់ដឹងពីគ្នា ទៅវិញទៅមក និងបង្កើនមេត្រីភាពរវាងប្រជាជននិងប្រជាជន៕
វិទ្យុមិត្តភាពកម្ពុជាចិន