(រ៉ូម)៖ ក្រុមអ្នកជំនាញមុជទឹករបស់អ៉ីតាលី នៅថ្ងៃអង្គារនេះ ចាប់ផ្តើមការស្វែងជាថ្មីនូវមនុស្សចំនួន ៦នាក់ រួមទាំងមហាសេដ្ឋបច្ចេកវិទ្យាជនជាតិអង់គ្លេស លោក Mike Lynch និងកូនស្រីជំទង់របស់លោក ដែលបានបាត់ខ្លួន ចាប់តាំងពីទូកក្តោងទេសចរណ៍ដ៏ទំនើបរបស់ពួកគេ បាត់លិចនៅក្បែរកោះ Sicily។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤។
ឆ្មាំសមុទ្រអ៉ីតាលី បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកក្តោងទេសចរណ៍ Bayesian ដោតទង់ជាតិអង់គ្លេសប្រវែង ៥៦ម៉ែត្រ ផ្ទុកមនុស្ស ២២នាក់រួមទាំងនាវិក ១០នាក់ និងបានបោះយុថ្កានៅចម្ងាយប្រហែល ៧០០ម៉ែត្រពីកំពង់ផែ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មុនពេលត្រូវបានវាយប្រហារដោយព្យុះថូណាដូ។ ប្រធានទីភ្នាក់ងារការពារជនស៉ីវិលនៃទីក្រុង Sicily លោក Salvo Cocina ប្រាប់ AFP ថា ភរិយារបស់លោក Lynch គឺលោកស្រី Angela Bacares ស្ថិតក្នុងចំណោមមនុស្ស ១៥នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែលោក Lynch និងកូនស្រីអាយុ ១៨ឆ្នាំឈ្មោះ Hannah បានបាត់ខ្លួន។
លោក Lynch អាយុ ៥៩ឆ្នាំគឺជាសហគ្រិន និងអ្នកវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញ ដែលជួនកាលគេហៅលោកថា ជាមហាសេដ្ឋីតំណាងឱ្យអង់គ្លេស។ អ្នកបាត់ខ្លួនមានជនជាតិអង់គ្លេស អាមេរិក និងកាណាដា។ ក្រុមអ្នកមុជទឹកកំពុងពិនិត្យ លើបំណែកនៃទូក Bayesian នៅជម្រៅ ៤៩ម៉ែត្រ ខណៈក្រុមរដ្ឋអាជ្ញានៅទីក្រុង Termini Imerese ក្បែរនោះ កំពុងស៉ើបអង្កេត ខ្លាចក្រែងមានហេតុការណ៍មិនប្រក្រតីណាមួយ។
គួរបញ្ជាក់ថា តាមក្រុមអ្នកជំនាញ ព្យុះភ្លៀងដែលបោកបក់មកលើប្រទេសអ៉ីតាលី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំងច្រើនសប្តាហ៍ ធ្វើឱ្យសីតុណ្ហភាពក្នុងសមុទ្រមេឌីទែរ៉ាណេ ឡើងដល់កម្រិតខ្ពស់ និងបង្កើនហានិភ័យនៃគ្រោះធម្មជាតិ៕