(ម៉ានីល)៖ ទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន បានប្រកាសនៅថ្ងៃអង្គារនេះថា តបតាមសំណើរបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានយល់ព្រមទទួលជនជាតិអាហ្វហ្កានីស្ថាន ឱ្យស្នាក់នៅក្នុងប្រទេសជាបណ្តោះអាសន្នសិន នៅក្នុងចំនួនមានកំណត់ អំឡុងពេលដែលពួកគេរង់ចាំបំពេញបែបបទ ដើម្បីផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤។

ក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងថា ការព្រមព្រៀងខាងលើកំពុងដំណើរការនីតិវិធីចុងក្រោយ មុនពេលចូលជាធរមាន។ ប៉ុន្តែក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ដូចជាចំនួនជនជាតិអាហ្វហ្គានីស្ថាន ដែលនឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅ បណ្តោះអាសន្ន អំឡុងពេលរង់ចាំទិដ្ឋាការអន្តោប្រវេសន៍ពិសេសរបស់ពួកគេនោះទេ។ តាមសេចក្តីថ្លែងរបស់ក្រសួង «រដ្ឋាភិបាលអាមេរិក បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់នានា ដល់ជនជាតិអាហ្វហ្គានីស្ថាននៅហ្វីលីពីន ដែលរួមមានទាំងអាហារ កន្លែងរស់នៅ ការការពារសន្តិសុខ ការព្យាបាល និងការធ្វើដំណើរ ដើម្បីបំពេញបែបបទទិដ្ឋាការឱ្យបានរួចរាល់»

គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានពិចារណាសម្រាប់ការតាំងទីលំនៅថ្មី គឺផ្តោតលើអ្នកធ្លាប់ធ្វើការឱ្យ រដ្ឋាភិបាលអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬត្រូវបានគេចាត់ទុកថាមានសិទ្ធិ ដើម្បីទទួលបានទិដ្ឋាការ អន្តោប្រវេសន៍ពិសេស។ ពួកគេគឺជាអ្នកដែលត្រូវបានទុកចោល នៅពេលសហរដ្ឋអាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសវិញ កាលពីឆ្នាំ ២០២១៕