(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវបានរិះគន់រូបលោក អំលុងទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងញូវដែលី បានប្រកាសឱ្យដឹងថា ជាដំបូង លោក Modi នឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ មុនបន្តដំណើរទៅអ៊ុយក្រែននៅថ្ងៃបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បានបន្ថែមថា អំឡុងទស្សនកិច្ចខាងលើ លោក Modi នឹងពិភាក្សាអំពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងត្រូវជួបលោក Modi បាននិយាយថា វានឹងជាដំណើរទស្សនកិច្ច​លើកដំបូងរបស់មេដឹកនាំឥណ្ឌា ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីឆ្នាំ២០២២ ហើយនឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួន។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ លោក Modi បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី ស្របពេលរុស្ស៉ីបានវាយប្រហារបាញ់​ស្រោចលើ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ហើយផ្តាច់ជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំង នៅមន្ទីរពេទ្យកុមារមួយកន្លែង ក្នុងរដ្ឋធានីកៀវផងដែរ។ អំឡុងទស្សនកិច្ចនាពេលនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ត្រូវគេមើលឃើញឱបគ្នាជាមួយលោក ពូទីន យ៉ាងជិតស្និទ្ធស្នាល ជាសកម្មភាពមួយ ដែលត្រូវបានរិះគន់ដោយលោក ហ្សេលេនស្គី៕