(ស៉ីដនី)៖ នាយករដ្ឋមន្រ្តី លោក Anthony Albanese បានឱ្យដឹងនៅថ្ងៃអង្គារ ទី២០ ខែសីហានេះថា អូស្រ្តាលី និងឥណ្ឌូណេស៉ី បានចុះសន្ធិសញ្ញាថ្មីមួយ មានកម្រិតប្រហាក់ប្រហែលនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលនឹងអនុញ្ញាតឱ្យយោធាអូស្រ្តាលី-ឥណ្ឌូណេស៉ី ធ្វើប្រតិបត្តិការចេញពីប្រទេសនីមួយៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងរួមគ្នាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៉ី លោក Prabowo Subianto នៅក្នុងទីក្រុងកង់បេរ៉ា លោក Albanese បញ្ជាក់ទៀតថា «សន្ធិសញ្ញានោះ នឹងក្លាយជាផែនការដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការជួយគ្នាទៅវិញទៅមកផ្នែកសន្តិសុខ ដែលមិនត្រឹមតែសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់ស្ថិរភាពនៃតំបន់ផងដែរ»។
អូស្រ្តាលី និងឥណ្ឌូណេស៉ី មានព្រំដែនសមុទ្ររួមគ្នាប្រវែងវែងជាងគេបំផុតនៃពិភពលោក ហើយបានសហការគ្នារួចហើយលើបញ្ហាមួយចំនូន រួមទាំងសន្តិសុខ ការជួញដូរមនុស្ស និងរត់ពន្ធគ្រឿងញៀន។ តាមរដ្ឋមន្រ្តីការពារជាតិ លោក Richard Marles «ផែនទីកំណត់ថា អូស្ត្រាលី-ឥណ្ឌូណេស៉ី ជាប្រទេសជិតខាងបំផុត និងមានជោគវាសនារួមគ្នា ប៉ុន្តែចាប់ពីពេលនេះតទៅ វាសនាត្រូវបានកំណត់ដោយការជឿទុកចិត្តគ្នា ជាយុទ្ធសាស្ត្រយ៉ាងស៉ីជម្រៅ»។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អូស្រ្តាលី បានបង្កើនកិច្ចព្រមព្រៀងការពារជាតិជាបន្តបន្ទាប់ ដូចជាការចូលរួមក្នុងសម្ព័ន្ធភាពយោធា AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម ជាកិច្ចព្រមព្រៀងដែលធ្វើឱ្យចិនខឹងសម្បារ។ នៅឯវេទិកាមួយ កាលពីខែវិច្ឆិកា ឆ្នាំមុន លោក Prabowo និយាយថា ឥណ្ឌូណេស៉ី មានការប្តេជ្ញាចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ហើយថានឹងរក្សាទំនាក់ទំនងល្អទាំងជាមួយចិន ក៏ដូចជាសហរដ្ឋអាមេរិក៕