(វ៉ាស៉ីនតោន)៖ នៅពេលទៅដល់ទីក្រុង Chicago ដើម្បីបើកសមាជរបស់គណបក្សប្រជាធិបតេយ្យ លោកប្រធានាធិបតី ចូ បៃដិន នឹងស្នើដល់ក្រុមអ្នកប្រជាធិបតេយ្យឱ្យរួបរួមគ្នាគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ដើម្បីផ្តួលគូប្រជែង លោក Donald Trump បេក្ខជនរបស់គណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤។
ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បានជួបជុំគ្នាក្នុងសមាជជាតិរបស់ពួកគេ នៅឯទីលាន United Center នៃទីក្រុង Chicago ខណៈដែលវត្តមានរបស់ លោក បៃដិន ដើម្បីបើកយុទ្ធការរយៈពេល ៤ថ្ងៃនៅទីនោះ នឹងតំណាងឱ្យការផ្ទេរប្រជាប្រិយភាពទៅឱ្យ លោកស្រី Harris បន្ទាប់ពីលោកសម្រេចចិត្តបោះបង់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅអាណត្តិទី ២ ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។ តាមការគ្រោងទុក នៅម៉ោង ១០ និង ៥០នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) លោក បៃដិន ក៏នឹងលើកយកបញ្ហារបស់ លោក Trump មកបរិយាថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអាមេរិក ហើយនិយាយអំពីសមិទ្ធិផលនៃរដ្ឋបាល Biden-Harris។ គេរំពឹងថា លោកស្រី Harris នឹងចូលរួមក្នុងវេទិកានោះជាមួយ លោក បៃដិន។
គួរបញ្ជាក់ថា ការស្ទង់មតិកាលពីខែមុន បង្ហាញច្បាស់ថាលោក Trump នាំមុខលោក Biden ប៉ុន្តែចំពោះវិញ លោក Harris បានតាមទាន់យ៉ាងប្រកៀកប្រកិត ទាំងថ្នាក់ជាតិ និងនៅក្នុងរដ្ឋជាច្រើនដែលមានការប្រកួតប្រជែងគ្នាខ្ពស់ រួមទាំង Pennsylvania ដែលជារដ្ឋមួយដើរតួយ៉ាងសំខាន់ក្នុងការបោះឆ្នោតនៅអាមេរិក៕