(តៃវ៉ាន់)៖ តៃវ៉ាន់ នៅថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ច ទៅកាន់កន្លែងធ្វើតេស្ដមីស៊ីលដ៏សំខាន់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយនៃឆ្នេរភាគអាគ្នេយ៍របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានតវ៉ាប្រឆាំងនឹងការបង្កើនការធ្វើសកម្មភាពយោធារបស់ចិន ខណៈប៉េកាំងកំពុងព្យាយាមអះអាងពីអធិបតេយ្យ លើតៃវ៉ាន់ រីឯតៃប៉ិក ព្យាយាមពង្រឹងសមត្ថភាពយោធា។ មីស៊ីលគឺជាប្រព័ន្ធអាវុធដ៏សំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រការពារខ្លួនរបស់តៃវ៉ាន់ ដែលមានទាំងប្រព័ន្ធខែល ប្រឆាំងមីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងផលិតនៅក្នុងស្រុក។
អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលបានធ្វើឡើងនៅមូលដ្ឋាន Jiupeng ស្ថិតនៅតំបន់ Pingtung របស់ តៃវ៉ាន់ ជាមួយការធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលមីស៊ីល Patriot ផលិតដោយអាមេរិក និងប្រព័ន្ធខែលមីស៊ីល Sky Bow III អភិវឌ្ឍដោយតៃវ៉ាន់ ខណៈនាវាចម្បាំងមួយគ្រឿងក៏បានបាញ់តេស្ដមីស៊ីល RIM-66 Standard មួយគ្រាប់ផងដែរ។
គួរបញ្ជាក់ថា មូលដ្ឋាន Jiupeng គឺជាកន្លែងដែលក្រុមហ៊ុនផលិតអាវុធតៃវ៉ាន់ National Chung-Shan Institute of Science and Technology យកធ្វើជាកន្លែងតេស្ដ បាញ់មីស៊ីលស៊េរីថ្មី ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយស៊េរីថ្មី Hsiung Feng ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីវាយប្រហារលើគោលដៅនៅលើទឹកដីចិន៕