(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា បានប្រកាសឱ្យដឹងថាខ្លួនបានអនុម័តលើការលក់ទៅឱ្យកូរ៉េខាងត្បូង នូវឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ចំនួន ៣៦គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងនោះរួមមានទាំងមីស៊ីល គិតជាទឹកប្រាក់ស្មើនឹងជាង ៣.៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណហៅកាត់ថា DSCA បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាឧទ្ធម្ភាគចក្រប្រយុទ្ធ Apache នឹងជួយធ្វើឱ្យសមត្ថភាពយោធារបស់កូរ៉េខាងត្បូងកាន់តែល្អប្រសើរឡើង ដើម្បីទប់ស្កាត់ការគំរាមកំហែងទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។ DSCA បន្តថាការលក់ ឧទ្ធម្ភាគចក្រនេះ ក៏នឹងជួយពង្រឹងសន្តិសុខរបស់កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការការពារស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
គួរបញ្ជាក់ថា DSCA បានអះអាងថាខ្លួនបានជូនដំណឹងពីការលក់ឧទ្ធម្ភាគចក្រខាងលើទៅកាន់សភាទាំង២ រួចរាល់ហើយ ក្រោយក្រសួងការបរទេសអាមេរិកអនុម័តលើ ផែនការលក់នេះ។ ការប្រកាសនេះដែរធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បី ហ្វឹកហាត់ពីរបៀបទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។ សមយុទ្ធមានឈ្មោះថា Ulchi Freedom Shield នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែសីហា៕