(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី១៩ ខែសីហាបាននិយាយថាការវាយប្រហារលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៉ី បានបង្ហាញថាបន្ទាត់ក្រហម ឬការគំរាមសងសឹករបស់មូស្គូ គឺគ្រាន់តែជាកម្លាបានតែមាត់ប៉ុណ្ណោះ ហើយជំរុញឱ្យសម្ព័ន្ធលោកខាងលិច ដកចោលការរឹតត្បិត លើទីក្រុងកៀវ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ ទៅកាន់ក្រុមមន្ត្រីការទូតអ៊ុយក្រែន និងចង់បញ្ជូនសារទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយ ប៉ុន្តែបានប្រាប់ទីក្រុងកៀវកុំឱ្យប្រើអាវុធរបស់ពួកគេវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដោយសារតែភ័យខ្លាចថាវាជាការឆ្លងបន្ទាត់ក្រហមរបស់រុស្ស៉ីគូសដោយ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
លោក ហ្សេលេនស្គី បន្ថែមថាដោយសារតែការរឹតត្បិតរបស់សម្ព័ន្ធមិត្ត អ៊ុយក្រែនមិនអាចប្រើប្រាស់អាវុធតាមការចង់បានរបស់ខ្លួននោះទេ ក្នុងការវាយប្រហារលើគោលដៅ យោធាមួយចំនួនរបស់រុស្ស៉ី ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តមានភាពក្លាហានក្នុងការសម្រេចចិត្តថាតើត្រូវជួយអ៊ុយក្រែននៅក្នុងសង្រ្គាមដោយវិធីណា។
បើតាមលោកប្រធានាធិបតីអ៊ុយក្រែន កងកម្លាំងអ៊ុយក្រែនសព្វថ្ងៃ កំពុងគ្រប់គ្រងទឹកដីរុស្ស៉ី ១២៥០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ Kursk ចាប់តាំងពីបានបើកការវាយលុក កាលពីថ្ងៃទី៦ ខែសីហាមក៕