(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាទាហានកូរ៉េខាងជើងម្នាក់ទៀត បានឆ្លងព្រំដែនផ្នែកខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ រត់ចូលក្នុង ទឹកដីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម Yonhap ទាហានកូរ៉េខាងជើងខាងលើបានរត់ចូលតំបន់ Goseong ស្ថិតនៅឆ្នេរភាគខាងកើត របស់កូរ៉េខាងត្បូងជាប់ព្រំដែនជាមួយកូរ៉េខាងជើង ហើយរូបគេ ត្រូវបានឃុំខ្លួនដោយឆ្មាំព្រំដែនកូរ៉េខាងត្បូង ដែលបានតាមដានសកម្មភាពរបស់ទាហានកូរ៉េខាងជើងរូបនេះ។ ចំណែក មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាយោធាបានឃុំខ្លួនមនុស្សម្នាក់ ដែលគេជឿជាក់ថាជាទាហានកូរ៉េខាងជើង ខណៈអាជ្ញាធរកំពុងសួរចម្លើយដើម្បីចង់ដឹងថាទាហានរូបនោះរត់ចូលដី កូរ៉េខាងត្បូង ក្នុងគោលបំណងអ្វី?

គួរបញ្ជាក់ថា បើតាម Yonhap ទាហានកូរ៉េខាងជើងខាងលើដែលរត់ចូលដីកូរ៉េខាងត្បូងមានឋានៈជាពលបាល។ កាលពីដើមខែសីហាកន្លងទៅ ទាហានកូរ៉េខាងជើង ម្នាក់ ក៏បានរត់ចូលដីកូរ៉េខាងត្បូងផងដែរ នៅឯឆ្នេរភាគខាងលិច។ ការរត់ចេញពីកូរ៉េខាងជើងគឺជារឿងដ៏គ្រោះថ្នាក់ និងកម្របំផុត ហើយភាគច្រើននៃអ្នកចង់រត់ចេញពី ប្រទេសមួយនេះមានបំណងធ្វើដំណើរឆ្ពោះទៅកាន់កូរ៉េខាងត្បូង ឬប្រទេសទី៣៕