(វ៉ាស៊ីនតោន)៖ ខ្មោចនាវាចម្បាំងមួយគ្រឿងសល់ពីសម័យសង្រ្គាមលោកលើកទី២ ឈ្មោះ Sierra Madre ដែលហ្វីលីពីនបានចតទុកនៅឯតំបន់ថ្មប៉ប្រះទឹកមួយក្នុងសមុទ្រចិនខាងត្បូង បានក្លាយជាចំណុចក្ដៅ ដែលក្រុមអ្នកវិភាគជឿជាក់ថាអាចនឹងបង្កទៅជាជម្លោះប្រដាប់អាវុធរវាងចិន និងហ្វីលីពីន។ ភាពតានតឹងរវាងម៉ានីល និងប៉េកាំង បានស្ងប់ស្ងាត់ត្រឹមរយៈពេលខ្លី ប៉ុណ្ណោះ ក្រោយភាគីទាំង២ ឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នកាលពីខែកក្កដាកន្លងទៅ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ហ្វីលីពីនអាចធ្វើប្រតិបត្តិការផ្គត់ផ្គង់សម្ភារៈ ឬស្បៀងអាហារ ចាំបាច់នានា ទៅកាន់ទាហានមួយក្រុមតូចរបស់ខ្លួន ឈរជើងនៅលើខ្មោចនាវាចម្បាំង Sierra Madre។
ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែសីហា ភាពតានតឹងរវាងចិន និងហ្វីលីពីនបានផ្ទុះឡើងជាថ្មី បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញហេតុការណ៍នាវាបុកគ្នា នៅក្បែរដែនទឹកមានវិវាទ។ ភាពតានតឹងបានកើនឡើងជាលំដាប់ជាពិសេស ជុំវិញដែនទឹកក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលទីក្រុងម៉ានីលតែងតែដឹកនាំប្រតិបត្តិការផ្គត់ផ្គង់ជាប្រចាំ។ ការប៉ះទង្គិចគ្នាជាប្រចាំបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធណាមួយ ដែលអាចនឹងអូសឱ្យសហរដ្ឋអាមេរិកចូលរួមដែរ ដ្បិតហ្វីលីពីន ជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាយោធាជាមួយទីក្រុងវ៉ាស៊ីនតោន។ តាមក្រុមអ្នកជំនាញ អ្នកដែលអាចគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងបាន ប្រៀបដូចជាយកបានស្បៀង និងប្រេង ដ៏មហាសាល ព្រមទាំងអាចពង្រីកអំណាចកាន់តែធំផងដែរ។ សមុទ្រចិនខាងត្បូងសម្បូរទៅដោយត្រី និងសត្វសមុទ្រដែលអាចចិញ្ចឹមប្រជាជនរាប់លាននាក់ ហើយក៏សម្បូរទៅ ដោយធនធានប្រេង និងឧស្ម័ន ដោយទាំងចិន ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ សម្លឹងមិនដាក់ភ្នែក និងទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនលើ តំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។
* ហេតុអ្វីចិនខ្វល់ខ្វាយពីខ្មោចនាវាចម្បាំង Sierra Madre ខ្លាំងម្ល៉េះ?
ក្នុងឆ្នាំ១៩៩៩ ហ្វីលីពីន បានចតខ្មោចនាវាចម្បាំង Sierra Madre នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃទីប្រជុំកោះ Spratly ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ខ្លួនលើ តំបន់ថ្មប៉ប្រះទឹកមួយនេះ។ បច្ចុប្បន្ន ទីក្រុងម៉ានីលបានដាក់ឱ្យទាហានមួយក្រុមតូច ឈរជើងនៅលើខ្មោចនាវាចម្បាំងនេះ ដើម្បីពង្រឹងអធិបតេយ្យរបស់ហ្វីលីពីន ហើយតែងតែដឹកនាំ ប្រតិបត្តិការផ្គត់ផ្គង់ជាប្រចាំទៅឱ្យទាហានមួយក្រុមតូចនៅលើនោះ។ Second Thomas Shoal ឬចិនហៅថា Ren’ai Jiao មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន ប៉ុន្តែ តំបន់ថ្មប៉ប្រះទឹកមួយនេះត្រូវបានចិនគូសបញ្ចូលក្នុងផែនទី១០ចំណុច ឬ 10-dash line ដែលប៉េកាំងយកធ្វើជាសំអាងបញ្ជាក់ពីអធិបតេយ្យស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង។ ផែនទី១០ចំណុច មានរាងជាអក្សរ U នេះ គឺចាប់ផ្ដើមចេញពីខេត្ត Hainan ស្ថិតនៅភាគខាងត្បូងបំផុតរបស់ប្រទេសចិន ចាក់ចុះកាត់វៀតណាម ម៉ាឡេស៊ី រួចឡើងទៅហ្វីលីពីន និងតៃវ៉ាន់។ ក្រុមអ្នកវិភាគបាននិយាយថា ការព្យាយាមរបស់ចិនក្នុងការរារាំងកុំឱ្យហ្វីលីពីនធ្វើប្រតិបត្តិការផ្គត់ផ្គង់ គឺមានគោលដៅធ្វើឱ្យខ្មោចនាវាចម្បាំងនោះខូចខ្ទេចខ្ទី ព្រោះធ្វើដូច្នេះ ទីក្រុងម៉ានីលលែង អាចប្រើប្រាស់វា ដើម្បីទាមទារអធិបតេយ្យ។
លោកស្រី Yun Sun ជានាយកកម្មវិធីចិនមកពីវិទ្យាស្ថាន Stimson Center មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាទាំងចិន និងហ្វីលីពីនសុទ្ធតែចង់រក្សា «ស្ថានភាពដើម» នៅក្នុង តំបន់សមុទ្រចិនខាងត្បូង។ តែបញ្ហា នៅត្រង់ថាពួកគេមានការគិតខុសគ្នាយ៉ាងខ្លាំងថាតើត្រូវកំណត់លក្ខណៈស្ថានភាពដើមនោះយ៉ាងដូចម្ដេច? លោកស្រីបន្ថែមថា សម្រាប់ហ្វីលីពីន និងសហរដ្ឋអាមេរិក ទីតាំងស្ថិតនៅរបស់ខ្មោចនាវាចម្បាំង Sierra Madre គឺជាស្ថានភាពដើម។ តែសម្រាប់ចិនវិញ ស្ថានភាពដើម គឺពេលវេលានៅមុនឆ្នាំ១៩៩៩ ពោលមុនហ្វីលីពីន ចតទុកខ្មោចនាវាចម្បាំងនេះ។
* ហេតុអ្វី Second Thomas Shoal មានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះចិន?
បើតាមក្រុមអ្នកជំនាញ សម្រាប់ចិន ផលប្រយោជន៍ស្នូលរបស់ខ្លួនក្នុងជម្លោះ នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នោះគឺអធិបតេយ្យ និងបូរណភាពទឹកដី។ «អ្វីដែលសំខាន់ បំផុតសម្រាប់ចិន គឺកិត្តិយសរបស់ប្រទេស មុខមាត់របស់ប្រទេស និងកាតព្វកិច្ច...ដើម្បីការពារអធិបតេយ្យរបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក Hu Bo ជានាយកមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រដែនសមុទ្រមកពីសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំង។
ចំណែក លោកស្រី Amanda Hsiao ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ពាក់ព័ន្ធនឹងចិន មកពីអង្គការ International Crisis Group វិញ បាននិយាយថាវាក៏មានសារៈសំខាន់ផងដែរសម្រាប់ទីក្រុង ប៉េកាំង ក្នុងការបញ្ជូនសារទៅកាន់ហ្វីលីពីន និងរដ្ឋាភិបាលដទៃដែលកំពុងមានជម្លោះទាមទារទឹកដីជាមួយចិនថា «ចិននឹងមិនស្ទាក់ស្ទើរឡើយក្នុងការផ្ដល់មេរៀនដល់អ្នកដែលហ៊ានប្រឆាំង នឹងចិនជាសាធារណៈ»។ ម្យ៉ាង ចិនក៏ប្រហែលជាចង់ប្រើប្រាស់ជម្លោះសព្វថ្ងៃ ដើម្បីធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ដូចជាហ្វីលីពីន ក្នុងពេលសហរដ្ឋអាមេរិក កំពុងជាប់រវល់ជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីផង និងជួយអ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាផង។
តាមលោក Li Mingjiang មកពីវិទ្យាស្ថាន Carnegie China មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី «ប្រសិនបើចិនមានសមត្ថភាពដណ្ដើមកាន់កាប់តំបន់ថ្មប៉ប្រះទឹកពីហ្វីលីពីន...ហើយ សហរដ្ឋអាមេរិក មិនបាន ឬបរាជ័យក្នុងការធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីជួយការពារហ្វីលីពីនទេ នោះការជឿទុកចិត្តលើការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន អាចនឹងត្រូវបានបំផ្លាញ ដែលនេះក៏ប្រហែលជាយុទ្ធសាស្ត្រនៅក្រោមការគិតទុករបស់មេដឹកនាំចិន ផងដែរ»។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង មានសារៈសំខាន់ចំពោះចិន ដោយសារតែវាជាច្រកផ្លូវចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលប៉េកាំងមានមហិច្ឆតាបន្សាបឥទ្ធិពលដែលអាមេរិក បាន ចាក់ឫសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយសម័យសង្រ្គាមលោកលើកទី២មក។ ដើម្បីសម្រេចមហិច្ឆតានេះ ចិនបានពង្រីកវត្តមានយោធារបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាកិច្ចប្រឹងប្រែងមួយដែលសហរដ្ឋអាមេរិក កំពុងព្យាយាមទប់ស្កាត់ ក្រោមការរួមដៃគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីរួមមាន ជប៉ុន អូស្ត្រាលី និងហ្វីលីពីន។
កន្លងមក ចិនក៏ធ្លាប់បានបង្ហាញរួចហើយដែរពីសមត្ថភាពធ្វើយោធូបនីយកម្មនៅលើតំបន់ថ្មប៉ប្រះទឹកដោយប្រែក្លាយវាទៅជាកោះសម្បនិម្មិត។ ក្នុងឆ្នាំ១៩៩៤ ចិនបានគ្រប់គ្រងលើតំបន់ ថ្មប៉ប្រះទឹក Mischief Reef មានទីតាំងស្ថិតនៅភាគពាយព្យនៃតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយក្នុងរយៈពេលរាប់ឆ្នាំមកនេះ ចិនបានប្រែក្លាយតំបន់ថ្មប៉ប្រះទឹកនេះឱ្យទៅ ជាមូលដ្ឋានយោធាដ៏សំខាន់មួយដែលលោកស្រី Hsiao ជឿថាបានផ្ដល់ឱ្យចិននូវសមត្ថភាពបញ្ចេញឥទ្ធិពល និងតាមដានស្ថានការណ៍នៅទូទាំងតំបន់។ តាមក្រុមអ្នកជំនាញចិន ចិនមើល ឃើញថាវាជារឿងចំាបាច់បំផុត ដែលត្រូវពង្រីកឥទ្ធិពលនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាពិសេសនៅចំពោះមុខអ្វីដែលមេដឹកនាំចិនចាត់ទុកថាជាការកើនឡើងការគំរាមកំហែងសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក៕