(ចាងសា)៖ គិតត្រឹមយប់ថ្ងៃចន្ទនេះ មនុស្ស៥០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង បានវាយប្រហារទីក្រុង Zixing ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ព្យុះភ្លៀងដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi បានធ្វើឱ្យទីក្រុង Zixing រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីចុងខែកក្កដា ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះជាង ១,៧០០ គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងការបាក់រលំជាង ៦៥,០០០ កន្លែងនៅក្នុងទីក្រុង Zixing ។
មន្ត្រីបាននិយាយថា មនុស្ស ២៣,៤១៩ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងទីក្រុងដែលមានទីតាំងស្ថិតនៅក្នុងដីគោកមួយនេះ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕