(ប៉េកាំង)៖ ប្រទេសចិន និង វៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន១៤ ដែលគ្របដណ្តប់លើវិស័យជាច្រើន ចាប់ពីផ្លូវដែកឆ្លងកាត់ព្រំដែន រហូតដល់ការនាំចេញសត្វក្រពើ នៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបជាមួយមេដឹកនាំថ្មីរបស់វៀតណាម គឺ លោក To Lam នៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់លោក Lam ទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានបក្សកុម្មុយនិស្តវៀតណាមកាលពីដើមខែនេះ បានបង្ហាញពីបំណងប្រាថ្នាចង់ពង្រឹងចំណងមិត្តភាព ខណៈដែលពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរកំពុងកើនឡើង ទោះបីជាមានការប៉ះទង្គិចគ្នាម្តងម្កាលលើព្រំដែននៅសមុទ្រចិនខាងត្បូងក៏ដោយ។
ក្នុងជំនួបនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ចិនតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាព និងគាំទ្រដល់ការអភិវឌ្ឍរបស់វៀតណាមតាមមាគ៌ាសង្គមនិយម។ ចំណែកឯលោក Lam បានបញ្ជាក់ថា ទំនាក់ទំនងជាមួយចិនគឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសរបស់វៀតណាម។
ទន្ទឹមគ្នានេះ លោក Lam ក៏បានស្នើសុំឱ្យចិនផ្តល់កម្ចីសម្បទាន និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាការតភ្ជាប់ផ្លូវដែក និងផ្លូវហាយវេ ការនាំចូលផលិតផលកសិកម្មវៀតណាម ការពារជាតិ និងសន្តិសុខជាដើម។
កិច្ចព្រមព្រៀងផ្លូវដែកឆ្លងកាត់ព្រំដែន គឺជាចំណុចសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនេះ។ វាត្រូវបានគេរំពឹងថានឹងជួយជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខណៈដែលក្រុមហ៊ុនផលិតចិនកាន់តែច្រើនកំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមកកាន់វៀតណាម ដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕