(ឡុងដ៍)៖ ស្ត្រីម្នាក់បានស្លាប់ និងមនុស្សពីរនាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ចាក់សម្លាប់មួយនៅទីក្រុង Manchester នៃចក្រភពអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់ នៅថ្ងៃចន្ទនេះ។
ប៉ូលិសក្រុង Manchester បាននិយាយថា ពួកគេបានទទួលរបាយការណ៍អំពីការចាក់សម្លាប់នេះ នៅវេលាប្រហែល ១១:២០នាទីយប់ ថ្ងៃអាទិត្យ នៅឯកន្លែងស្នាក់នៅមួយកន្លែង ដែលស្ថិតនៅលើផ្លូវ Barnard ក្នុងតំបន់ Gorton បន្ទាប់ពីទទួលបានការហៅទូរស័ព្ទជាច្រើនដងពីអ្នកជិតខាង។
ក្រោយមក ប៉ូលិសបានរកឃើញថា មនុស្សបីនាក់ ដែលជាក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ ស្ត្រីអាយុ៤៣ឆ្នាំម្នាក់ និងបុរសអាយុ៦៤ឆ្នាំម្នាក់ កំពុងរងរបួសដោយសារការចាក់។ ស្ត្រីរងគ្រោះបានស្លាប់ដោយសាររបួសរបស់គាត់នៅកន្លែងកើតហេតុ ខណៈដែលពីរនាក់ទៀតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ របួសរបស់ពួកគេត្រូវបានគេជឿថា គំរាមកំហែងដល់អាយុជីវិត នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស។
បុរសម្នាក់អាយុ២២ឆ្នាំត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានប្រព្រឹត្តឃាតកម្ម បន្ទាប់ពីហេតុការណ៍នេះ ហើយការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ៕