(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Antony Blinken បានចាត់ទុកដំណើរការជំរុញផ្នែកការទូត របស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាថា «ប្រហែលជាល្អបំផុត ហើយជាឱកាសចុងក្រោយ» ព្រមទាំងទទូចដល់គ្រប់ភាគីសម្រេចឱ្យបានកិច្ចព្រមព្រៀង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤។
លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលជួប លោក Isaac Herzog ប្រធានាធិបតីអ៉ីស្រាអែល ដូច្នេះថា «នេះគឺជាពេលវេលាសម្រេចចិត្តមួយ ប្រហែលជាល្អបំផុត ប្រហែលជាឱកាសចុងក្រោយ ក្នុងការនាំយកចំណាប់ខ្មាំងមកផ្ទះវិញ ដើម្បីទទួលបានបទឈប់បាញ់ និងត្រួសត្រាយផ្លូវឱ្យគ្រប់គ្នាដើរលើផ្លូវប្រសើរជាងមុន ដោយសន្តិភាព និងសន្តិសុខ»។ លោក Blinken បានបន្ថែមថា «ខ្ញុំនៅទីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ណែនាំដោយលោកប្រធានាធិបតី បៃដិន ដើម្បីព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងមួយឈានដល់ចំណុចដែលចង់បាន... វាដល់ពេលហើយសម្រាប់គ្រប់គ្នា ដើម្បីយល់ព្រម ហើយមិនរកលេសនិយាយថាទេ តទៅទៀត»។
គួរបញ្ជាក់ថា ការចរចារលើកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ដែលធ្វើឡើងអស់រយៈពេលច្រើនខែមកហើយ ត្រូវបានកំណត់ថា នឹងបន្តក្នុងសប្តាហ៍នេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ផ្អែកតាមកិច្ចពិភាក្សានៅទីក្រុងដូហា នៃប្រទេសកាតា។ គេរំពឹងថា លោក Blinken នឹងបង្កើនសម្ពាធការទូត ដើម្បីធានាឱ្យអ្នកចរចាឯកភាពគ្នា បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ចេញនូវសំណើ កាលពីសប្តាហ៍មុន ដែលក្រុមប្រទេសសម្របសម្រួលជឿថា នឹងបិទបញ្ចប់គម្លាតគ្នារវាងភាគីជម្លោះ៕