(យូអិន)៖ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៣នេះ អង្គការសហប្រជាជាតិ (UN) បានចាត់ទុកថា វាជារឿងមិនអាចទទួលបានទេ ដែលអំពើហិង្សាប្រឆាំងបុគ្គលិកមនុស្សធម៌ក្លាយជារឿងធម្មតា ដោយនៅក្នុងកំណត់ត្រា មានបុគ្គលិកចំនួន ២៨០នាក់ ត្រូវបានសម្លាប់ទូទាំងពិភពលោក កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
UN ក៏បានព្រមានដែរថា សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅឆ្នាំនេះ នឹងអាចជំរុញឱ្យមានបុគ្គលិកស្លាប់ច្រើនជាងមុន។ លោកស្រី Joyce Msuya នាយកស្តីទីនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN (OCHA) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អំពើហិង្សាដែលស្ទើរតែក្លាយជារឿងធម្មតាទៅហើយ លើបុគ្គលិកផ្តល់ជំនួយ និងកង្វះខាតការទទួលខុសត្រូវ គឺជារឿងដែលមិនអាចទទួលយក មិនអាចយល់បាន និងបង្កគ្រោះថ្នាក់យ៉ាងធំធេង សម្រាប់ប្រតិបត្តិការផ្តល់ជំនួយគ្រប់ទីកន្លែង»។ លោកស្រីបន្ថែមថា «បុគ្គលិក ២៨០នាក់ត្រូវបានសម្លាប់ក្នុងប្រទេសចំនួន ៣៣ កាលពីឆ្នាំមុន ធ្វើឱ្យ ២០២៣ ក្លាយជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងកំណត់ត្រាសម្រាប់សហគមន៍មនុស្សធម៌ពិភពលោក»។
គួរបញ្ជាក់ថា តាម UN ជាងពាក់កណ្តាលនៃអ្នកស្លាប់កាលពីឆ្នាំ ២០២៣ ឬចំនួន ១៦៣នាក់គឺជាបុគ្គលិកផ្តល់ជំនួយ ដែលត្រូវស្លាប់ក្នុងតំបន់ហ្កាហ្សា អំឡុងពេល ៣ខែដំបូងនៃសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស ហើយភាគច្រើន ក្រោមការវាយប្រហារតាមផ្លូវអាកាស។ ក្រៅពីនោះ មាននៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អ៉ីស្រាអែល ស៉ីរី អេត្យូពី អ៊ុយក្រែន សូម៉ាលី មីយ៉ាន់ម៉ា កុងហ្គោ ដោយអ្នកស្លាប់ជាបុគ្គលិកក្នុងតំបន់តែម្តង៕