(ប៉េកាំង)៖ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងប៉េកាំង បានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុស ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែសីហា «នាយករដ្ឋមន្រ្តីលោក Li Qiang នៃក្រុមប្រឹក្សារដ្ឋ នឹងធ្វើដំណើរទៅកាន់រុស្ស៉ី ដើម្បីដឹកនាំកិច្ចប្រជុំជាប្រចាំលើកទី២៩ រវាងប្រមុខរដ្ឋាភិបាលចិន-រុស្ស៉ី ហើយបំពេញទស្សនកិច្ចនៅរុស្ស៉ី ព្រមទាំងនៅបេឡារុស»។ ទស្សនកិច្ចនេះ គឺចំពេលដែលចិននិងរុស្ស៉ី បានបង្កើនជាខ្លាំងនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។

គួរបញ្ជាក់ថា ដោយឡែក ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់បានបំពេញទស្សនកិច្ច២លើក មកកាន់ចិន កាលពីឆ្នាំមុន ហើយបានសន្យាថា នឹងធ្វើជាដៃគូគួរឱ្យជឿទុកចិត្ត សម្រាប់ទីក្រុងប៉េកាំង។ បេឡារុសក៏ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៉ី ផងដែរ។ កាលពីខែកក្កដា ប្រទេសបេឡារុស បានចូលរួមជាផ្លូវការ ក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយចិននិងរុស្ស៉ី៕